ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ប្រសិនបើខ្មែរក្រហម មានគណបក្សនយោបាយត្រឹមត្រូវ ចូលរួមការបោះឆ្នោត និងមានអាសនៈក្នុងសភា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការកាត់ទោសខ្មែរក្រហម?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ៖ យើងគួរតែអរគុណប៉ុលពត ដែលបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងប៉ារីសមិនចូលរួមក្នុងការបោះឆ្នោត ព្រោះប៉ុលពត កសាងកំហុសដោយខ្លួនឯង ទើបផ្តល់ឱកាសឱ្យយើងអាចកម្ចាត់ខ្មែរក្រហមទាំងអង្គការចាត់តាំងនយោបាយនិងយោធា តាមរយៈនយោបាយឈ្នះ-ឈ្នះ មិនមែនតាមរយៈអ៊ុនតាក់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ៖ ប្រសិនបើខ្មែរក្រហមចូលរួមការបោះឆ្នោត មានគណបក្សនយោបាយត្រឹមត្រូវ និងមានអាសនៈក្នុងសភា នោះយ៉ាងហោចណាស់ខ្មែរក្រហមទទួលបាន ២ ឬ៣ អាសនៈដែរ។ បើដូច្នោះ តើនរណាជាអ្នកទទួលខុសត្រូវក្នុងការកាត់ទោសខ្មែរក្រហម?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យដាក់ទោសចំពោះជនណាដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។

សម្តេចថ្លែងថា៖«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់សម្រាប់ជនណាក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។សម្តេចបានបញ្ជាក់ថា នេះមិនមែនជាការសង្កត់លើការបញ្ចេញមតិនោះឡើយ ប៉ុន្តែរាល់ការបញ្ចេញមតិដែលមានចរិតគាំពារបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស។សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្ដេចត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍៕

ដោយ ៖ សិលា


ចែករំលែក៖