ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បន្តពីយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាល នៅតែផ្តោតអាទិភាពគន្លឹះទី១លើធនធានមនុស្សដែលជាចំណុចសំខាន់បំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលធនមនុស្ស គឺជាដង្ហើមសេដ្ឋកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ដែលប្រការនេះហើយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើ សុខភាពនិងចំណេះដឹងរបស់ធនធានមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ នៅក្នុងផ្នែកថែទាំងសុខភាព រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចមួយចំនួនដូចជា៖
១- គុណភាពសុខាភិបាល (Quality) ។
២- លទ្ធភាពក្នុងការប្រើប្រាស់ (Access) និង ៣- តម្លៃសមរម្យ (Suitable cost)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំធ្វើឱ្យសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ រហូតឈានដល់ការដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាកត្តាអាទិភាពទី១ ហើយដើម្បីឱ្យមូលធនមនុស្សដែលល្អ គឺត្រូវមានសុខភាពល្អជាចំបង និងដើម្បីទទួលបានសុខភាពល្អ គឺរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា