ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ សុខា អញ្ជើញ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។

ក្នុងឱកាសនោះ ក៏មានសមាសភាពអញ្ជើញចូលរួមពីសំណាក់លោក អនុក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុក លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចូលមូលដ្ឋានឃុំទាំង១៦ ។

លោកប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាស្រុកលោកអនុប្រធានប្រចាំការគណបក្សស្រុកលោក លោកស្រី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សស្រុកលោក លោកស្រី បេក្ខជនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សាស្រុក ពេញសិទ្ធិ បម្រុង  សកម្មជនគណបក្ស និង សកម្មជនយុវជន មន្ត្រីគណបក្សតាមការិយាល័យជុំវិញស្រុក ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ លោកសៅ សុខា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ជូនចំពោះសមាជិក សមាជិកាគណបក្សនៅមូលដ្ឋានទាំងអស់។

លោក សៅ សុខា បានលើកឡើងថា ជានិច្ចកាល សម្តេចតេជោ និង សមេ្តចធិបតី តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ និងបានដាក់ចិត្តកាយនៅជាប់ជាមួយសមាជិក សមាជិកាបក្សគ្រប់កាលៈទេសៈ។

លោកប្រធានក្រុមការងារ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ដែលបានដើរតួនាទីស្នូល ក្នុងការសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។

គ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច ជាពិសេសបាននាំមកជូនប្រទេសជាតិ និង ប្រជាជនតាមរយៈនយោបាយឈ្នះ-ឈ្នះ មានរយៈពេល២៦ឆ្នាំកន្លងមកហើយ។

ជាមួយគ្នារាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសវ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បាននិងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគ វាសនារបស់ប្រទេសជាតិ និងប្រជាជន។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ សម្រាប់ខេត្តស្វាយរៀង មានគណបក្ស​នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ ​គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​, គណបក្សកម្លាំងជាជាតិ , គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ ៕

ដោយ៖ សុថាន


ចែករំលែក៖