ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី រោគសញ្ញា និងវិធីបង្ការ ពីជំងឺមហារីកសុដន់!

ចែករំលែក៖

ភ្នំពេញ ៖ តាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីម្នាក់ក្នុងចំណោម ៨ នាក់អាចប្រឈម និងកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតឡើងដោយសារការមានបំរែបំរួលខុសធម្មតានៅក្នុងកោសិការសុដន់។  ការប្រែប្រួលនេះលេចចេញដំបូងជាចំណុចតូចៗ បន្ទាប់មកផ្តុំជាដុំ ហើយសាយភាយទៅតំបន់ទាំងមូលរបស់សុដន់ និងអាចរាលដាលទៅសរីរាង្គផ្សេងៗនៃតួរខ្លួនរបស់អ្នកជំងឺ។

ជំងឺមហារីកសុដន់ភាគច្រើនកើតលើស្ត្រី តែបុរសក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរ។

  យើងបែងចែកជំងឺមហារីកសុដន់នេះជា២ប្រភេទ

   ១- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ

   ២- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងកន្សោមដោះ

កត្តាហានិភ័យដែលអាចអោយកើតជំងឺមហារីកសុដន់រួមមាន៖ 

   ១- កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%

   ២- អ្នកលើសទំងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ

   ៣- កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់)

   ៤- អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

   ៥- អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ

   ៦- អ្នកមិនមានកូន សុដន់តឹងណែន 

   ៧- អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣0ឆ្នាំ  និងស្ត្រីមិនបំបៅដោះកូន

   ៨- ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ

  

ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់យើងត្រូវ៖  

   ១- ពិនិត្យសុដន់ និងក្លៀក    

   ២- ថតគៀបសុដន់ mammography    

   ៣- អេកូសុដន់

   ៤- ច្រិបយកដុំសាច់ដែលសង្ស័យយកទៅវិភាគ (microbiopsy)

   ៥- ថតសុដន់ដោយម៉ាស៊ីន MRI និងម៉ាស៊ីន scanner

រោគសញ្ញានៃជំងឺមហារីកសុដន់មាន៖      

   ១- ប្រែប្រួលទំហំ និងទំរង់សុដន់ 

   ២- សញ្ញាឈឺសុដន់

   ៣- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម  រឺមានលក្ខណះដូចសំបកក្រូចពោធិសាត់

   ៤- មានចេញឈាម រឺទឹករងៃពីក្បាលសុដន់

   ៥- មានដុំស្អិតនៅក្នុងសុដន់

   ៦- ក្បាលសុដន់លឹបចូលក្នុង

   ៧- មានឡើងហើមកូនកណ្តុរក្រោមក្លៀក

វិធីបង្ការពីជំងឺមហារីកសុដន់៖

   ១- ពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង

   ២- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដើម្បីរក្សាទំងន់អោយនៅស្តង់ដា (BMI)

   ៣- កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង

   ៤- បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ

   ៥- បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ

ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖