ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង សម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

 នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលករណីសំណុំរឿងព្រហ្មទណ្ឌពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រកឃើញគ្រឿងញៀនទម្ងន់ប្រមាណ ១៩០គីឡូក្រាម និងភស្តុតាងពាក់ព័ន្ធការសម្អាតប្រាក់ នៅចំណុចខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកបក្ខពួកពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យដែលត្រូវចោទប្រកាន់និងបញ្ជូនរឿងទៅចៅក្រមចាត់ការបន្តរួមមាន៖ ១.ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១ ២. ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និង ៣.ឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។

    កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង០៥នាទី មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ ដីឡូតិ៍ តាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ មុខវត្តញាណរង្សី ផ្លូវលេខ៣៥៥ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី៣ ផ្ទះលេខ១២ ផ្លូវA2 (បុរីហុងឡេងយី) ភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ ចំនួន០៣នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់១.៩៩៦ក្រាម ប្រភេទកេតាមីន មានទម្ងន់ ១៨៣.៨២៣,២០ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ 

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖