ទីក្រុងតូក្យូ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តំបន់អាស៊ីជាមួយនឹងភាពសំបូរបែប សេដ្ឋកិច្ចរស់រវើក និងវប្បធម៌ដែលមានវ័យចំណាស់ឈរជាបង្គោលនៃភាពធន់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនដោយអាស្រ័យលើកម្លាំងរួមគ្នាក្នុងផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅលើសកលលោក និងពង្រឹងការកសាងអនាគតប្រកបដោយចីរភាពនិងបរិយាបន្ន។
ជាក់ស្តែងកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្ដួចផ្ដើមនានានៅក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច និងសាមគ្គីភាពសង្គមដោយសង្កត់ធ្ងន់ទៅលើការសន្ទនា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងអាស៊ីមួយប្រកបដោយភាពធន់និងភាពរុងរឿង ជាក់ស្តែងដូចជាការចូលរួមគ្នានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចសន្យាពាណិជ្ជកម្មក្នុងតំបន់ជាមួយនឹងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ការចូលរួមជាលក្ខណៈស្ថាបនា និងការរួមគ្នាអភិវឌ្ឍន៍អនាគតរបស់អាស៊ីដែលដើរតួជាគំរូ ប្រកបដោយជំនឿចិត្ត និងទទួលយកឱកាស និងបញ្ហាប្រឈមនានានៅលើសកលលោក។
នៅចុងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដកស្រង់សម្តីរបស់បិតាសហស្ថាបនិកសហរដ្ឋអាមេរិក គឺលោក Benjamin Franklin ដែលមានប្រសាសន៍ថា “We must, indeed, all hang together or, most assuredly, we shall all hang separately.” ក្នុងន័យនេះ សហគមន៍អាស៊ីត្រូវធ្វើការរួមគ្នា សាមគ្គីគ្នា និងកសាងអនាគតជាមួយគ្នាដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ តារា