ទីក្រុងតូក្យូ, ប្រទេសជប៉ុន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងស្នើសុំឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅប្រទេសកម្ពុជា លើវិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ឆ្លៀតក្នុងឱកាសចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី” ដោយបានជួបពិភាក្សាការងារជាមួយលោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei Inc. កាលពីថ្ងៃទី២៣ ឧសភាម្សិលមិញនេះ ដោយមានការចូលរួមពីលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាកត្តាអំណោយផលផ្សេងៗក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងផែនការថ្មីៗទៀតជាច្រើន រួមមាន៖ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើកកម្រិតផ្លូវជាតិលេខ៥ ពី២គន្លង ទៅ៤គន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកប្រធានក្រុមហ៊ុនអំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងស្នើសុំឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនរួមមាន វិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម ដើម្បីជំរុញការប្រែក្លាយប្រទេសកម្ពុជាពីការប្រើប្រាស់កម្លាំងពលកម្ម ទៅការប្រើប្រាស់ជំនាញបច្ចេកទេសសម្រាប់វិស័យឧស្សាហកម្ម។
ជាការឆ្លើយតប លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ៕
ដោយ៖ តារា