ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខការបោះឆ្នោត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានបទបញ្ជាពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៏ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥  ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤។

បន្ទាប់ពីការបោះឆ្នោតលើកទី១នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។

ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖