ខេត្តកំពង់ចាម ៖ ជនសង្ស័យ០២នាក់បានធ្វេីសកម្មភាពជិះម៉ូតូកាន់ដាវនិងកាំបិតបុ័ងតោអូសកាត់លេីថ្នល ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវធ្វេីការឃាត់ខ្លួនដេីម្បីចាត់ការតាមច្បាប់ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដែលបានឱ្យដឹងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
ក្នុងប្រតិបត្តិការនេះ គឺបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការចង្អុលណែនាំពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពីលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទេីបនៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញបន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើស ក្នុងនោះក៏មានសកម្មភាពក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិយ៉ាងមុឹងម៉ាត់និងហ្មត់ចត់បំផុត រហូតមកដល់វេលាម៉ោង ២២:៤០នាទីយប់ ខណៈពេលកម្លាំងសមត្ថកិច្ចបាននិងកំពុងល្បាតចល័តនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានប្រទះឃើញក្មេងទំនើង០១ក្រុម មានគ្នា០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ប្រដាប់ដោយកាំបិតបុ័ងតោ០១ដើមនិងដាវ០១ដើម ធ្វើសកម្មភាពជិះម៉ូតូកាន់ដាវអូសកាត់លើថ្នល់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្តុតាងខាងលើយកមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។ បន្ទាប់ពីកម្លាំងជំនាញបានសាកសួរជនសង្ស័យទាំងពីរនាក់ក៏បានសារភាពប្រាប់សមត្ថកិច្ចអំពីសកម្មភាពរបស់ខ្លួន ។
បច្ចុប្បន្ននេះ ជនសង្ស័យនិងមធ្យោបាយ ព្រមទាំងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីជំនាញ បញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ