ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបទីតាំងលួចកែច្នៃ និងចែកចាយដាវសាម៉ូរ៉ៃខុសច្បាប់ ដែលជាសម្ភារៈក្មេងទំនើងធ្វើសកម្មភាព

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាកម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវទីតាំងលួចកែច្នៃ និងចែកចាយដាវសាម៉ូរ៉ៃខុសច្បាប់ ដែលជាសម្ភារៈក្មេងទំនើងប្រើប្រាស់ធ្វើសកម្មភាព។ 

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យនគរបាលការិយាល័យសេដ្ឋកិច្ច និងអធិការខណ្ឌទាំង១៤ ពិនិត្យ និងលក់ដាវសាម៉ូរ៉ៃមួយចំនួន ហើយត្រូវបញ្ឈប់ជាបន្ទាន់នូវការចែកចាយលក់ និងផលិត»។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ៖ ដាវសាម៉ូរ៉ៃ គឺជាសម្ភារ សម្រាប់ធ្វើសកម្មភាពយ៉ាងពេញនិយម ពីសំណាក់ក្រុមក្មេងទំនើងបង្កអុកឡុកសង្គម ដោយពួកគេប្រើប្រាស់ដើម្បីបង្កហិង្សាទៅគូជម្លោះ ឬឈានដល់ការប្រព្រឹត្តអំពើចោរកម្មថែមទៀតផង។ ដាវសាម៉ូរ៉ៃ ត្រូវបានក្រុមក្មេងទំនើងទាំងនោះ កែច្នៃដាក់ក្រោមកែបម៉ូតូ ឬកៀនបំពង់ស៉ីម៉ាំងម៉ូតូ ហើយខ្លះដាក់ក្នុងកាតាបផងដែរ។ 

ទាក់ទិនករណីក្មេងទំនើងនេះ ដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។ 

លោកបានបន្ដថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុនម៉ាណែត, លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្ដប្រតិបត្តិការនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បញ្ជាឱ្យអភិបាលរាជធានី ខេត្ត ចាត់វិធានការបង្ក្រាបក្រុមបងតូច បងធំ ដោយសម្តេចធិបតី លើកឡើងថា ៖ ក្នុងមួយរយៈពេលនេះ ខ្ញុំបានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។ 

ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ។ 

ជាមួយគ្នានេះ, ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង។ 

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ 

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្ករអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ការរឹតបណ្តឹងនេះ គឺដើម្បីក្មួយៗទាំងអស់ ដោយឈរលើគោលដៅ ៤ចំណុច៖ 

១. ជួយតម្រង់ទិសឱ្យក្មួយល្អ

២. ជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ក្មួយ ទាំងអ្នកបង្ក និងអ្នករងគ្រោះ

៣. ជួយការពារឪពុកម្តាយ និងក្រុមគ្រួសារ កុំខ្លោចផ្សាចិត្ត

៤. ជួយសង្គម និងប្រជាជន ឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច ៕ 

ដោយ ៖ សិលា


ចែករំលែក៖