ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពនៃដំណើរទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Huawei សាលារៀនឆ្លាតវៃនៅទីក្រុង Shenzhen និង Huawei Dongguan European Town

ចែករំលែក៖

ទីក្រុង Shenzhen ៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” (Huawei ICT Competition Global Final 2023-2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Shenzhen ប្រទេសចិន។ 

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត រដ្ឋលេខាធិការ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗមួយចំនួនរួមមាន៖ ទីស្នាក់ការកណ្ដាលក្រុមហ៊ុន Huawei សាលារៀនឆ្លាតវៃនៅទីក្រុង Shenzhen និង Huawei Dongguan European Town ដើម្បីសិក្សាស្វែងយល់បន្ថែមពីភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅពង្រឹងការគ្រប់គ្រងសាលារៀន ការគាំទ្រដល់ការរៀន និងបង្រៀនរបស់គ្រូ និងសិស្ស ការសិក្សាស្រាវជ្រាវ ព្រមទាំងការអភិវឌ្ឍសាលារៀនឱ្យក្លាយទៅជាសាលារៀនឆ្លាតវៃ។

សូមគូសបញ្ជាក់ថា កម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” ផ្ដោតលើព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរួមមាន ៖ 

១. ការប្រកួតប្រជែងលើការហ្វឹកហាត់ និងនវានុវត្តន៍ (Practice and Innovation Competitions) 

២. កិច្ចប្រជុំកំពូលស្ដីពី ការពន្លឿនបរិវត្តកម្មក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Accelerating Education Transformation Summit)

៣. ពិធីប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ពិភពលោក (Global Final Awards Ceremony)

កម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧០ ០០០នាក់ មកពីជាង ២០០០ សាកលវិទ្យាល័យនៃជាង ៩០ប្រទេសជុំវិញពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖