ក្រុមបិសាចក្រហម Manchester United និងអ្នកចាត់ការទូទៅលោក Erik ten Hag បានបំបែកការរិះគន់ និងផ្តល់ទំនុកចិត្តរបស់ពួកគេដើម្បីដណ្តើមយកជ័យជម្នះគ្រងជើងឯក FA Cup នៅរដូវកាលនេះដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុមមេឃខៀវ Manchester City នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី២៥ ឧសភា ក្នុងលទ្ធផល២ទល់១។
លោក Ten Hag បានដឹកនាំក្រុមក្នុងវគ្គផ្តាច់ព្រ័ត្រ Manchester Derby នេះជាមួយនឹងការរំពឹងទុកកាន់តែខ្លាំងថា គាត់នឹងត្រូវបានបណ្តេញចេញដោយសហម្ចាស់ថ្មីរបស់ United លោក Sir Jim Ratcliffe មិនគិតពីលទ្ធផលនោះទេ។
ប្រសិនបើលោក Ten Hag ត្រូវបានបណ្តេញចេញ នោះគាត់នឹងចេញទៅមែននោះគឺជាការចាកចេញជាមួយនឹងស្នាដៃដ៏ល្អបំផុតនៃរជ្ជកាល២ឆ្នាំរបស់គាត់ និងជាពេលវេលាដ៏ល្អបំផុតរបស់ United អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការប្រកួត ដែលស្ទើរតែមិនអាចកសាងឡើងវិញក្នុងរដូវកាលនេះ។
ជ័យជំនះរបស់ក្រុមបិសាចក្រហម Man Utd ដែលបានយកឈ្នះក្រុមជើងឯក Premier League ក្រុម Man City ក្នុងការឈ្នះពានក្នុងស្រុកជាលើកទី២ជាប់ៗគ្នានោះ ត្រូវបានបង្កើតឡើងនៅលើការបង្ហាញទម្រង់លេងដ៏ល្អក្នុងតង់ទី១ ដែលនាំឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់គឺ Alejadro Garnacho និង Kobbie Mainoo ។
ខ្សែបម្រើប្រយុទ្ធ Garnacho គឺជាអ្នករកគ្រាប់បាល់នាំមុខ ដោយសារការធ្វេសប្រហែសរវាងអ្នកចាំទី Stefan Ortega និងខ្សែការពារ Josko Gvardiol របស់ Man City ខណៈដែលគាត់ត្រូវបានឆក់យកបាល់បាន ហើយស៊ុតបញ្ចូលទីបានសម្រេចតែម្តងនៅនាទីទី៣០។ គ្រាប់ទី២រកបានដោយកីឡាករវ័យក្មេង Mainoo ដោយបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹងការបញ្ចប់ទីពីការបញ្ជូនបាល់របស់ប្រធានក្រុម Bruno Fernandes នៅ៩នាទីក្រោយមក។
Man City បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុម Man Utd ដោយព្យាយាមរកគ្រាប់បាល់តាមស្មើមកវិញ ហើយនៅតង់ទី២ Erling Haaland មានឱកាសស៊ុតបាល់បញ្ចូលទី១គ្រាប់ ប៉ុន្តែត្រូវអ្នកចាំទី Andre Onana របស់ United បានសង្គ្រោះយ៉ាងល្អ និងមានឱកាសបន្តបន្ទាប់ទៀតពីការស៊ុតរបស់ Kyle Walker និង Julian Alvarez ប៉ុន្តែមិនអាចធ្លាយសំណាញ់ទីក្រុម Man Utd បានឡើយ។
កីឡាករបម្រុង Jeremy Doku របស់ Man City បានរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់វិញនៅនាទីទី៨៧ ប៉ុន្តែក្រុមរបស់លោក Ten Hag បានរក្សាការកត់ត្រាជ័យជម្នះ ២ទល់១ និងឈ្នះពានរង្វាន់ FA Cup លើកទី១៣ដែលជាលើកទី១របស់ក្រុមបិសាចក្រហមខកខានការឈ្នះពាននេះចាប់តាំងពីឆ្នាំ២០១៦។
ការឈ្នះពាន FA Cup នេះផងដែរ ធ្វើឲ្យក្រុមបិសាចក្រហម Man Utd ទទួលបានកៅអីនៅក្របខ័ណ្ឌអឺរ៉ុប Europa League រដូវកាលក្រោយផងដែរ បើទោះបីជាក្រុមនេះឈរនៅលេខរៀងទី៨នៅរដូវកាលនេះក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)