ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នៅខេត្តប៉ៃលិន គណបក្សប្រជាជនទទួលបាន ៤៧សំឡេង

ចែករំលែក៖

ខេត្តប៉ៃលិន៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៧សំឡេងលើ៥២សំឡេង។

គ្រប់ការិយាល័យបោះឆ្នោតទាំង២សម្រាប់ខេត្តប៉ៃលិន បានដំណើរការរាប់សន្លឹកឆ្នោត ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖

•មណ្ឌលក្រុងប៉ៃលិនទទួលបាន២៣សំឡេងលើ២៦សំឡេង

•មណ្ឌលស្រុកសាលាក្រៅទទួលបាន២៤លើ២៦សំឡេង។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក គង់ ជឺ បានឱ្យដឹងថា ចាប់តាំងពីម៉ោង៧ព្រឹកមក ការិយាល័យទាំង២ដែលមានមណ្ឌលក្រុងប៉ៃលិន និងមណ្ឌលស្រុកសាលាក្រៅ មានអង្គបោះឆ្នោតបានបោះឆ្នោតជាបន្តបន្ទាប់ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖