ប៉ូលិសនិងក្រុមបាតុករបានប៉ះទង្គិចគ្នានៅទីក្រុង Tel Aviv កាលពីយប់ថ្ងៃសៅរ៍ (២៥ ឧសភា) បន្ទាប់ពីការតវ៉ាមួយថ្ងៃនៅទូទាំងប្រទេសអុីស្រាអែល អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងទាមទារឱ្យអាជ្ញាធរចរចាដោះលែងចំណាប់ខ្មាំងទាំងអស់។
យោងតាមវីដេអូដែលបានបង្ហោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប៉ូលិសនៅលើខ្នងសេះនិងកាណុងបាញ់ទឹកអាចត្រូវបានគេមើលឃើញថាកំពុងព្យាយាមបំបែកហ្វូងមនុស្សដែលមិនព្រមចាកចេញ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សានៅទីលានប្រជាធិបតេយ្យក្នុងទីក្រុង Tel Aviv ។
នៅឯការតវ៉ាមួយផ្សេងទៀត ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សពីរនាក់”ពីបទប្រព្រឹត្តមិនសណ្តាប់ធ្នាប់” បន្ទាប់ពីពួកគេបានចោទប្រកាន់ថា “បានដុតភ្លើងនិង រំខានដល់សន្តិភាព មិនគោរពតាមការណែនាំរបស់ប៉ូលិស”។ ការប៉ះទង្គិចគ្នានេះបានធ្វើឡើងបន្ទាប់ពីមានការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអុីស្រាអែល ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលបានធ្វើឡើងនៅក្នុងតំបន់ហ្គាហ្សា និងការបោះឆ្នោតទូទៅមួយ។ បាតុករជាច្រើននាក់នៅតាមដងផ្លូវនៃទីក្រុង Tel Aviv, Haifa, Rehovot និងកន្លែងផ្សេងទៀតកាលពីថ្ងៃសៅរ៍បានសំដៅទៅលើនាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu ដោយរិះគន់ការដោះស្រាយរបស់គាត់ចំពោះសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់។ ក្រុមគ្រួសារនៃចំណាប់ខ្មាំងក៏បានបន្តរៀបចំការតវ៉ាដោយអំពាវនាវឱ្យមានការចរចាឡើងវិញជាបន្ទាន់ជាមួយក្រុមហាម៉ាស់ដើម្បី “ជំរុញកិច្ចព្រមព្រៀងមួយដើម្បីនាំពួកគេទាំងអស់ទៅផ្ទះ”៕ ដោយ៖ ធីរីណា
រូបថត៖ AP