ព័ត៌មានទាន់ហេតុការណ៍៖

កង្កែបអាចម៍គោ(តាឡនតន)មានទីផ្សារនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកឆ្លុះកង្កែបអាចម៍គោមានចិត្តសប្បាយរីករាយខ្លាំងណាស់ខណៈកង្កែបអាចម៍គោ ហៅ(តាឡនតន)មានទីផ្សារនៅស្រុកស្វាយជ្រំខេត្តស្វាយរៀង។

យោងតាមបុរសម្នាក់ជាអ្នកឆ្លុះតាឡនតន រស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ បានឱ្យដឹងថា ពេលមានភ្លៀងធ្លាក់ម្ដងៗគាត់បានចេញឆ្លុះតាឡនតន(ខ្លះហៅកង្កែបអាចម៍គោ)និងកង្កែបកូប ដើម្បីយកទៅលក់នៅផ្សារវាលយន្តស្វាយរៀង ក៏ដូចជាផ្សារមួយចំនួនទៀតនៅក្នុងខេត្ត ដោយបានតម្លៃខ្ពស់ជាងកង្កែបចិញ្ចឹម។

ប្រភពដដែលបានលើកឡើងទៀតថា កង្កែបធម្មជាតិបកស្បែកហើយ១គីឡូក្រាមតម្លៃ៣ម៉ឺនរៀល បើប្រៀបធៀបសាច់មាន់១គីឡូក្រាមតម្លៃ២៨,០០០រៀល កង្កែបចិញ្ចឹមបកស្បែកហើយតម្លៃ១៨,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ចំណែកកង្កែបអាចម៍គោវិញ (នៅស្រស់)១គីឡូក្រាមតម្លៃ២ម៉ឺនរៀល បើធ្វើជាចង្កាក់ហាលស្ងួត១ដុំ១ម៉ឺនររៀល(១០ចង្កាក់) បើសំបូរ ១ដុំ ៥,០០០រៀលទៅ៧,០០០រៀល។

ជុំវិញការរកកង្កែបអាចម៍គោនេះដែរ បើតាមស្ត្រីឈ្មោះស៊ុម សំបូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ បានឱ្យដឹងថា នាងមានកូនប្រុស៣នាក់ ប្តីគាត់ប្រកបមុខរបរនេសាទត្រីនៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ឬរលឹម គឺប្តីគាត់ទៅឆ្លុះកង្កែបនិងចាប់តាឡនតនបានច្រើន។ ប៉ុន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺពាយកង្កែបនិងតាឡនតនគ្មានឃើញលោតនោះទេ ដូច្នេះប្តីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។ក្នុង១យប់រកបានកង្កែប២គីឡូក្រាមទៅ៣គីឡូក្រាម បកស្បែកហើយលក់បាន១គីឡូ៣ម៉ឺនរៀល ចំណែកតាឡនតន មួយយប់រកបាន៥គីឡូក្រាម តាឡនតនស្រស់ វះពោះស្អាតក្នុង១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ហើយពេលជិតភ្លឺ គាត់២នាក់ប្តីប្រពន្ធទៅអុសអញ្ចងនៅក្នុងបឹងនិងក្នុងព្រែកទន្លេវ៉ៃគោ (អញ្ចងក្រឡាល្អិត)រយៈពេល២ម៉ោងបានត្រីស ត្រីចម្រុះ មានអង្កត់ប្រាក់ កំភ្លាញ កញ្ចុះ ចង្វា ធ្វើស្អាត ១ខាំតម្លៃ២,៥០០រៀល។

រីឯស្ត្រីម្នាក់ឈ្មោះប៊ី សាមុំ អាយុ៣០ឆ្នាំ នៅភូមិបាយ៉ាប បានឲ្យដឹងដែរថា នាងក៏មានកូនស្រី៣នាក់ប្រកបមុខរបរនេសាទត្រីដែរ ហើយនៅពេលមានភ្លៀងធ្លាក់ប្តីគាត់ទៅឆ្លុះកង្កែបនិងចាប់តាឡនតន ក្នុង១យប់ឆ្លុះកង្កែបបាន១គីឡូ ទៅ២គីឡូ និងចាប់តាឡនតនបានពី៣គីឡូទៅ៤គីឡូក្រាម គាត់សប្បាយចិត្តដោយកង្កែបនិងតាឡនតនលក់បានថ្លៃហើយងាយស្រួលលក់។ មកដល់ផ្សារក្រមួន ភ្លាមមានគេមករោមទិញភ្លាម តែ១០នាទីលក់អស់ហើយគេដណ្តើមគ្នាទិញ កូនត្រីសក៏ដោយ មកដល់គេដណ្តើមគ្នាទិញអស់ភ្លាម។

ចំណែកស្ត្រីម្នាក់រស់នៅភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ អ្នកលក់ត្រីនិងតាឡនតនក្រៀមបានលើកឡើងថា ប្តីនិងកូនៗគាត់ប្រកបមុខរបរនេសាទត្រី២០ឆ្នាំមកហើយ ដោយដាក់មង ចងសន្ទូច និងអូសអួន ហើយពេលមានភ្លៀងធ្លាក់កូនៗដើរឆ្លុះកង្កែបនិងចាប់តាឡនតន។ ចំណែកគាត់តាឡនតនអត់លក់ស្រស់ទេ គឺគាត់ប្រឡាក់គ្រឿងរ៉ូទី រួចដោតជាចង្កាក់ ហាលឱ្យក្រៀមទើបយកមកលក់ បើគ្មានអ្នកណាយកមកលក់គាត់លក់ក្នុង១ដុំ(១០ចង្កាក់)១ម៉ឺនរៀល បើមានគេយកមកលក់ច្រើន គឺ១ដុំលក់បាន៥,០០០រៀលទៅ៧,០០០រៀលប៉ុណ្ណោះ៕

ដោយ៖ សុថាន


ចែករំលែក៖