ខេត្តបាត់ដំបង ៖ ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពគយនិងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចបំណែកសាច់ និងប្រហិតចំនួន ២ ករណី ស្មើនឹង ៦ ៩៦៨ គីឡូក្រាម ដែលនាំចូលខុសច្បាប់ និងខូចគុណភាពមិនអាចប្រើប្រាស់បាន ដូចខាងក្រោម៖
១- បំណែកសាច់ក្របីបង្កក ២ ១០០ គីឡូក្រាម, ឆ្អឹងជំនីជ្រូកបង្កក ៣ ៤០០ គីឡូក្រាម និងសាច់មឹកបង្កក ៥៥០ គីឡូក្រាម សរុប ៦ ០៥០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសំពៅលូន ក្រុងសំពៅលូន ខេត្តកណ្តាល ក្នុងពេលដឹកជញ្ជូនតាមទូកយន្ត ១គ្រឿង ចូលពីត្រើយខាងកើតទន្លេបាសាក់។
២- ត្រីសាលម៉ុនក្លាស្សេ ៨១០ គីឡូក្រាម, ត្រីធូណាក្លាស្សេ ៤០ គីឡូក្រាម និងប្រហិតសាច់ក្ដាមក្លាស្សេ ៦៨ គីឡូក្រាម សរុប ៩១៨ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង និងលាក់បង្កប់ជាមួយទំនិញដទៃ ធ្វើដំណើរមកពីច្រករបៀងឡែម ខេត្តបាត់ដំបង ៕
ដោយ ៖ សិលា