ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤  នៅសាលខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀចំពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់បេក្ខជនជ័យលាភី គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤ ក្រោមអធិបតីភាព លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ 

កម្មវិធីប្រកួតប្រជែង គណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិឆ្នាំ២០២៤ ត្រូវបានសហការរៀបចំឡើងដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាមជ្ឈមណ្ឌលរៀបចំការប្រឡង អូឡាំព្យាដអន្តរជាតិ សិង្ហបុរី  (SIMCC SG) និងមជ្ឈមណ្ឌលដឺប្រ៊េននីអេកហ្វេកធើរី  (The Brainiac Factory)។    

យោងតាមរបាយការណ៍របស់លោកយ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺប្រ៊េននីអេក ហ្វេកធើរី (The Brainiac Factory) បានបង្ហាញថានៅក្នុងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ បេក្ខជនកម្ពុជាមានចំនួនសរុប១,៤០១នាក់ មកពីគ្រឹះស្ថានអប់រំ ១៣០គ្រឹះស្ថាន រួមមានគ្រឹះស្ថានអប់រំសាធារណៈចំនួន ៥០គ្រឹះស្ថាន និងគ្រឹះស្ថានឯកជនចំនួន  ៨០គ្រឹះស្ថាន    នៅទូទាំងប្រទេសដែលបានចូលរួមប្រកួតប្រជែង ដោយនៅក្នុងនោះកម្ពុជាបានឈរនៅចំណាត់ថ្នាក់ទី១០  ជាប្រទេស ដែលមានចំនួនសិស្សានុសិស្សកម្ពុជា  ដែលបានចូលរួមប្រកួតប្រជែងច្រើនជាងគេ   ក្នុងចំណោម៣៨ប្រទេស ដែលមានបេក្ខជនចូលរួមសរុបចំនួន ៥៧,០៧៥នាក់នៅទូទាំងពិភពលោក។   

លោក សរ រិទ្ធី អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត តុង វណ្ណៈប្រធាសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជាបានលើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិប្រកួតប្រជែងដែលមានលក្ខណៈវិទ្យាសាស្រ្តនេះ   គឺពិតជាសមស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែលតែងបានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ឱ្យខិតខំបន្ដចូលរួមក្នុងការជំរុញគ្រប់សកម្មភាពក្នុងវិស័យអប់រំ ដោយត្រូវបានផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្សការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ 

លោកអនុប្រធានសមាគមក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះបេក្ខជនជ័យលាភីទាំង៤៩០នាក់ ដែលទទួលបាមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយក៏បានលើកទឹកដល់បេក្ខជនទាំង៨៨១នាក់ផ្សេងទៀតដែលមិនទទួលបានជ័យលាភី សូមក្មួយៗបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នឹងត្រៀមចូលរួមក្នុងការប្រកួតប្រជែងនាឱកាសក្រោយៗទៀត។  

ក្នុងនាមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកក៏បានសម្តែងការកោតសរសើរ និងគាំទ្រ ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី    (SIMCC SG)  និងមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី  (The Brainiac Factory)  ដែលបានខិតខំរៀបចំឱ្យមានព្រឹត្តការណ៍ ប្រកួតប្រជែង គណិតវិទ្យា វិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលជាការផ្តល់ឱកាសដល់ក្មួយៗ សិស្សានុសិស្សកម្ពុជា អាចចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ហើយសូមគាំទ្រឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានលក្ខណៈអន្តរជាតិផ្សេងៗទៀត នៅឆ្នាំបន្តបន្ទាប់ពេលខាងមុខ។

លោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់   ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងមជ្ឈមណ្ឌលរៀបចំការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺប៊្រេននីអេកហ្វេកធើរី  បានសហការរៀបចំកម្មវិធីនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

នៅទីបញ្ចប់ លោក គណៈអធិបតី ក៏បានអំពាវដល់សិស្សានុសិស្សនៅភូមិសិក្សា ថ្នាក់ទី៩ និងទី១២ សូមត្រៀមខ្លួនឱ្យល្អប្រសើរក្នុងការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖