ព័ត៌មានទាន់ហេតុការណ៍៖

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត៥នាក់បន្ថែមទៀត បានមកដល់កម្ពុជានៅថ្ងៃនេះក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ 

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន។

សូមបញ្ជាក់ថា ៖ ក្រោយពីទទួលលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖