ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន។

ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានចូលជួបសម្តែងការ គួរសមជាមួយ លោក ហាន ចឹង (HAN Zheng) អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផង ដែរ មុនជួបជាមួយលោក វ៉ាង យី និងទទួលជួបជាមួយលោក ចាង ជៀនហ័រ (ZHANG Jianhua) សមាជិកក្រុមដឹកនាំនៃបក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ និងជាប្រធាន រដ្ឋបាលថាមពលជាតិចិន។

កិច្ចពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា និង លោក វ៉ាង យី បានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសស្និទ្ធស្នាល មានភាពស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវ ជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមមានកិច្ច សហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវាងប្រជាជននិងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភាពនៃ ការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាម រយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែច្រើន លោក វ៉ាង យី ស្វាគមន៍សំណើរបស់ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាព ពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។ ទន្ទឹមនេះដែរ លោក វ៉ាង យី ក៏បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។

លោក សុខ ចិន្តាសោភា និង លោក វ៉ាង យី ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នា លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និង អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងថ្នាក់ដឹកនាំចិនបានវាយតម្លៃខ្ពស់ចំពោះកំណើន ភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែល ត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ហើយបានឯកភាពបន្តជំរុញឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និង នីតិបញ្ញត្តិ។ ថ្នាក់ដឹកនាំចិនបានសង្កត់ធ្ងន់អំពីការបន្តគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។ លោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “គោល នយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រម ទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិនក្នុងកិច្ចការអន្តរជាតិ។ ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាវប្បធម៌និងវប្បធម៌ និងបានឯកភាពគ្នាសហការជិតស្និទ្ធ ក្នុងការបង្កើនការផ្លាស់ប្តូរនេះ ជាពិសេសក្នុងចំណោមយុវជន ។

លោក សុខ ចិន្តាសោភា ក៏បានផ្លាស់ប្តូរយោបល់ផងដែរជាមួយលោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំ នៃបក្សកុម្មុយនិស្តចិនប្រចាំគណៈកម្មការកែទម្រង់ និងអភិវឌ្ឍជាតិ និងជាប្រធាន រដ្ឋបាលថាមពលជាតិចិន អំពីការជំរុញកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុង ក្របខ័ណ្ឌត្បូងពេជ្រ ដោយផ្តោតទៅការអភិវឌ្ឍថាមពលបៃតង ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ ទ្រទ្រង់ការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ ។

ក្រៅពីកម្មវិធីផ្លូវការខាងលើ លោក សុខ ចិន្តាសោភា ក៏បានជួបសំណេះសំណាលជាមួយ និស្សិត កម្ពុជាប្រមាណ ២៥០នាក់ ដែលកំពុងសិក្សានៅទីក្រុងប៉េកាំង និងធានជីង នៃប្រទេសចិន ដោយបានពាំនាំនូវការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍ និងចែករំលែកពីបទពិសោធន៍ល្អៗដល់ក្រុម និស្សិតទាំងនោះ៕

ដោយ ៖ សិលា


ចែករំលែក៖