ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ដើម្បីឱ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)។ 

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមកំណាត់ដងផ្លូវមហាវិថី និងវិថីខាងលើនេះមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖