ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ៖ ទប់ស្កាត់ការប្រើប្រាស់ បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនឹងឯកជន

កន្លងមក ក្រសួងបានចេញលិខិតណែនាំស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/ Vape) និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងគោលបំណងចូលរួមអប់រំ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងការអូសទាញយុវវ័យតាមបណ្តាញសង្គមនានាឱ្យ ប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចម៍ ធី ភី (HTPS-Heated Tobacco Products)។ បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចម៍ ធី ភី (HTPs-Heated Tobacco Products) មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។ ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិត ដូចខាងក្រោម៖

១- ធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិច ត្រូនិក (E-Cigarette/Vape) និងផលិតផល អេចម៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំនិងអ្នកសិក្សា

២- ហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារី អេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចម៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុងនិងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។

៣- សហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការ កំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ទទួលបានសេចក្តីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖