ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ​ ធ្វើការអប់រំណែនាំ​ក្មេងទំនើងចំនួន ០៣នាក់ ខណៈ​ក្មេងទំនើងចំនួន ០៨នាក់ផ្សេងទៀត​​ ត្រូវ​បញ្ជូនខ្លួន​ទៅកាន់​តុលាការ​

ចែករំលែក៖

  ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៤​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើង​ ក្នុងមូលដ្ឋាន​របស់​ខ្លួន​។ ក្នុងយុទ្ធនាការចុះអនុវត្តចាត់វិធានការយ៉ាងក្តៅគគុកបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព គោលការណ៍ជំនាញនិងច្បាប់ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរសង្គមកិច្ច សម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានអប់រំកុមារទំនាស់នឹងច្បាប់ អាយុក្រោម ១៤ឆ្នាំ ចំនួន ០៣នាក់ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ 

គួររម្លឹកថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី​២៤ ខែឧសភាថ្មីៗនេះ​ ខណៈកំពុងជិះល្បាតតាមភូមិសាស្រ្តនានា មកដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥០២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានឃើញមានក្មេង០១ក្រុម បានធ្វើការឆែកឆេររកឃើញមានកាំបិតបុ័ងតោចំនួន ០១ដើម និងសួរនាំតាមជំនាញ ក៏ប្រទះឃើញសារមួយដែលពួកគេបានណាត់ជួបវាយគ្នា ហើយកម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួនបានក្មេងទំនើងចំនួន ០៨នាក់ ដកហូតកាំបិតបុ័ងតោ ០១ដើម ព្រមទាំងម៉ូតូចំនួន០៣គ្រឿង ម៉ាកHonda Dream និងម៉ាក Nex ពណ៌ស ចំនួន ០២ គ្រឿង ។

បច្ចុប្បន្នក្មេងទំនេីងទាំងនោះ​ ក៏ត្រូវ​កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានក៏សាង​សំណុំរឿង​បញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖