ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ចង់បានអ្នកវិនិយោគចិន ច្រើន បន្ថែមទៀត មកវិនិយោគនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញជាទីក្រុងមួយកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឱ្យ មានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុងនៃ ប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រីនិងលើវិស័យវាយនភ័ណ្ឌជាដើម។

  នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

     ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារអោយមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។ រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។ 

   ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។

ឯកឧត្ដមឃួង ស្រេង បានស្នើសូមឱ្យឯកឧត្តម សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមអោយជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង អោយមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

    ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថាកន្លងមកនេះរោងចក្រវាយនភ័ណ្ឌមួយ ចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប  ឯកឧត្ដមចង់ឲ្យ មានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដងដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។

     ឯកឧត្តម សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើននៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗមាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុងក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមនឹងធ្វើការផ្សព្វផ្សាយ ទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង  ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជានិងចិនជាមិត្តដែកថែមនិងជាមិត្តចាស់។ បន្ថែមពីនេះឯកឧត្តម សុង ហ្វូឡុង ក៏បានស្នើអញ្ជើញឯកឧត្ដមឃួងស្រេងក៏ដូចជាប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិននៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឲ្យអ្នកវិនិយោគ ទុនមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចជានៅប្រទេសកម្ពុជាអោយកាន់តែច្រើនថែមទៀត៕

ដោយ ៖ សំរិត


ចែករំលែក៖