ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្រ្កាបករណីក្រុមក្មេងទំនើងមួយក្រុមទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធក្រុមក្មេងទំនើងបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យភ្លាម វេលាម៉ោង០១និង០០នាទី លោក ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌចេញស្វែងរក ។ ក្រោយទទួលបានបញ្ជា កម្លាំងល្បាតផែនជិះតាមដងផ្លូវ ដើម្បីការពារ សន្តិសុខ សុវត្តិភាព បានចេញដេញដល់ចំណុចម្តុំផ្លូវឧតុនិយម ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញមានក្មេងទំនើង០១ក្រុម មានគ្នា១២នាក់ ឃាត់ដើម្បីសាកសួរ ។ ពេលនោះពួកគេបានសារភាពថាពិតជាបានបង្ហោះម៉ូតូមែន ដោយធ្លាប់ធ្វើសកម្មភាពបង្កចលាចល សកម្មនៅរាជធានីភ្នំពេញ ហើយបានមកសំរាក១យប់នៅខេត្តកំពតទើបចេញមកដល់ខេត្តព្រះសីហនុនេះ ។ វត្ថុតាងដករហូតពីក្រុមក្មេងទំនើងមានទូរស័ព្ទ ចំនួន ១២ គ្រឿង និងម៉ូតូ០៥គ្រឿង ។ 

ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់ផ្តល់អនុសាសន៍ថា ៖ ការរឹតបណ្តឹងនេះ គឺដើម្បីក្មួយៗទាំងអស់ ដោយឈរលើគោលដៅ ៤ចំណុច៖ 

១. ជួយតម្រង់ទិសឱ្យក្មួយល្អ

២. ជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ក្មួយ ទាំងអ្នកបង្ក និងអ្នករងគ្រោះ

៣. ជួយការពារឪពុកម្តាយ និងក្រុមគ្រួសារ កុំខ្លោចផ្សាចិត្ត

៤. ជួយសង្គម និងប្រជាជន ឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច ៕

ដោយ ៖ សិលា


ចែករំលែក៖