ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ីបញ្ជូនយោធាទៅជួយសង្រ្គោះ ក្រោយពីមានអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅអាមេនី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤ បានផ្ដាយថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យទឹកទន្លេឡើងខ្លាំងហួសច្រាំង នៅក្នុងប្រទេសអាមេនី ក៏ដូចជាហ្សកហ្ស៉ី បានឆក់យកជីវិតមនុស្ស ៣នាក់ លិចលង់ភូមិមួយចំនួន ហើយតម្រូវឱ្យមានការជម្លៀសអ្នកស្រុករាប់រយនាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ។
ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជូនកងទ័ពទៅជួយសង្រ្គោះតបតាមសំណើរបស់អាមេនី។ ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីមហាផ្ទៃអាមេនីដែលនិយាយថា មានអ្នកស្លាប់ចំនួន៣នាក់ហើយនៅក្នុងភូមិជាប់ទន្លេ Debed ក្បែរព្រំដែនជាមួយហ្សកហ្ស៉ី។ ជាមួយគ្នានេះ ផ្ទះរាប់រយខ្នងត្រូវបានជន់លិច រីឯក្រុមសង្រ្គោះ ២៣០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។ នៅឯហ្សកហ្ស៉ី យ៉ាងហោចណាស់ភូមិឋានចំនួន ១៥ត្រូវបានកាត់ផ្តាច់ ដោយសារតែភ្លៀងធ្លាក់ជោកជាំ។
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានចុះទៅដល់តំបន់រងគ្រោះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ រូបភាពវីដេអូពីទូរទស្សន៍ក្នុងស្រុកនៅឯទីក្រុង Marneuli និងទីក្រុង Bolnisi នៃរដ្ឋ Georgia ផ្លូវនានាជន់លិចដោយទឹកជំនន់ ចំណែករថយន្តត្រូវជាប់គាំង៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖