ខេត្តស្វាយរៀង:លោកហេង សុខណាង អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក សរសុដានី អភិបាលរងខេត្តតំណាងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ បានអញ្ជើញបើកអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគ និងកម្មវិធី កសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តស្វាយរៀង-ខេត្តព្រៃវែងនាសាលប្រជុំសាលាខេត្តស្វាយរៀង។
លោក សរសុដានី អភិបាលរងខេត្តតំណាងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៏ថាអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះគឺចាំបាច់សម្រាប់ វិនិយោគិន ពាណិជ្ជករក៏ដូចជាមន្ត្រីរាជការនៃរដ្ឋបាល ខេត្ត ស្វែងយល់ក្នុងការអនុវត្តច្បាប់ និងជំរុញការអនុវត្តវិស័យវិនិយោគអោយកាន់តែ ល្អប្រសើរឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ក៏ដូចជា សេដ្ឋកិច្ចជាតិ ជាប្រយោជន៍លើកស្ទួយជីវភាពប្រជាជនអោយសម្បូរសប្បាយជាបន្តបន្ទាប់។
លោក អភិបាលរងខេត្ត សូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ថ្លែង ដែលបានជ្រើសរើសខេត្តស្វាយរៀងសម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងសូម អំណរគុណដល់វាគ្មិន គ្រូឧទ្ទេស និងអង្គការដៃគូ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាចំណេះដឹងពុទ្ធិ សម្រាប់ជាមូលដ្ឋានបន្ថែមដើម្បី យកទៅផ្សព្វផ្សាយដល់បណ្តាវិនិយោគ អំពីលក្ខណៈអំណោយផល និងអត្ថប្រយោជន៍ផ្សេងៗ ដែលមានក្នុងច្បាប់ ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្តីពីការអនុវត្ត ច្បាប់វិនិយោគ ក្នុងគោលដៅលើកទឹកចិត្ត និងជំរុញឱ្យអ្នកវិនិយោគ បន្តផ្សព្វផ្សាយដល់អ្នកវិនិយោគផ្សេងៗទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀតដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសកាត់បន្ថយភាពក្រីក្រ។
លោកមានក្តីសង្ឃឹមជឿជាក់ថាតាមរយៈជាក់ស្តែងតាមរយៈលក្ខណអនុគ្រោះនិងលក្ខណៈពិសេសអំណោយផលនៃច្បាប់នេះខេត្តយើង តំបន់ខ្ញុំទទួលបាននូវអត្ថប្រយោជន៍ជាច្រើនជាពិសេសការមកបណ្តាក់ទុនបង្កើតរោងចក្រសហគ្រាសបង្កើត សេដ្ឋកិច្ចសេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ដែលបច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស បានកំពុងដំណើរការចំនួន០៩កន្លែងមានរោងចក្រសហគ្រាសសរុបចំនួន២៩៣កន្លែងបង្កើតការងារប្រមាណជិត ៩,៥ម៉ឺនកន្លែង និងត្រៀមបង្កើត ចំនួន ០២កន្លែងបន្ថែមទៀត ដែលបច្ចុប្បន្នកំពុងតែដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
ឪកាសនោះ លោក ហេងសុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា៖ សិក្ខាសាលានៅថ្ងៃនេះ នឹងផ្តោតទៅលើច្បាប់ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជាច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រមរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ច្បាប់នេះ មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយ ភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ៖ ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុក ជាមុនបាន គ្មានការ រើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។