ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង ៦និង១៦ នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យខូច ខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់អ្នកបើកបរម្នាក់ នឹងបន្ទាប់មកបានស្លាប់ ក្រោយពេលបញ្ជូនមកដល់មណ្ឌលសុខភាពសែនតេជះឃុំមរកត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់នោះមានឈ្មោះ ថោង ចន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងសកម្មភាពភ្ជួរដីចំការបំរុងដាំដំឡូងមី។
អាជ្ញាធរមីន ជារឿយៗបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕