ព័ត៌មានទាន់ហេតុការណ៍៖

យុវជនកីឡាវាយសីកម្ពុជា​បាននាំយកមេដាយ១៤គ្រឿងមកជូនជាតិពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសឡាវ

ចែករំលែក៖

​     ភ្នំពេញ​ ៖​ ក្រុមកីឡាករ កីឡាការិនី​ យុវជនកីឡាវាយសីកម្ពុជា ដែលដណ្តើមបានមេដាយសរុបចំនួន១៤គ្រឿងពីការប្រកួតវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍(Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ​ ។ 

​   ការវិលត្រឡប់មកដល់កម្ពុជា​របស់យុវជនកីឡាវាយសីបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីសំណាក់លោក ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ។

​   លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានគូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធ សូមអបអរសាទរដល់កីឡាករ កីឡាការិនីរបស់យើងដែលបានបញ្ចេញស្នាដៃជាទីមោទនៈសម្រាប់ប្រទេសកម្ពុជាយើង។ លទ្ធផលដែលយើងទទួលបាននាពេលនេះ គឺបានមកដោយក្រុមកីឡាករ កីឡាការិនីវ័យក្មេង ក្នុងនោះដែរ សហព័ន្ធកីឡាវាយសីកម្ពុជាក៏ពិតជាមានមោទនភាពចំពោះក្រុមថ្មីមិនធ្លាប់ចូលរួមប្រកួតនៅក្រៅប្រទេស ។ ប៉ុន្តែជាលទ្ធផល គឺក្រុមយើងធ្វើបានល្អ ដោយដណ្តើមបានមេដាយច្រើនជូនប្រទេសជាតិយើង។

   លោកអនុប្រធានបន្ថែមថា តាមរយៈសមិទ្ធផលជាមេដាយរបស់ក្រុមកីឡាករ កីឡាការិនីវាយសីកម្ពុជានាពេលនេះ សហព័ន្ធនឹងបន្តរៀបចំការហ្វឹកហាត់ជាប្រចាំ ក៏ដូចជាការខិតខំរិះរកការប្រកួតឱ្យបានញឹកញាប់ និងព្យាយាមស្វែងរកប្រភពកីឡាករថ្មីៗបន្ថែមទៀត។ ដូចជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ សហព័ន្ធទើបនឹងបានបិទបញ្ចប់ការប្រកួតកីឡាវាយសីឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ហើយសហព័ន្ធនឹងជ្រើសរើសធនធានឆ្នើមៗចេញពីកីឡាករ កីឡាការិនីដែលជាសិស្សនិស្សិតចេញពីកម្រិតឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេស។ ការជ្រើសរើសធនធានថ្មីៗនេះ ឃើញថាមានដំណើរការល្អប្រសើរ និងកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

​   សម្រាប់ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤នេះ​ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសឡាវជាម្ចាស់ផ្ទះ ហើយនៅឆ្នាំ២០២៥ខាងមុខ នឹងត្រូវវិលត្រឡប់មកដល់កម្ពុជាជាម្ចាស់ផ្ទះវិញម្តងទៀត ដោយសារប្រទេសមីយ៉ាន់ម៉ាមិនមានលទ្ធភាពទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៥។ ដូច្នេះកម្ពុជានឹងធ្វើម្ចាស់ផ្ទះម្តងទៀតបន្ទាប់ពីកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង កាលពីឆ្នាំ២០២៣កន្លងទៅ។ 

​   លោកកុសល សុវណ្ណវិសាល បានសង្កត់ធ្ងន់ថា ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងបន្ថែមទៀត តាមរយៈការខិតខំពុះពារក្នុងការរៀបចំ និងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ខណៈសហព័ន្ធកីឡាវាយសីកម្ពុជាកំពុងសម្រិតសម្រាំងកីឡាករ កីឡាការិនី ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ខាងមុខផងដែរ»។

​   ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះគ្រប់ដៃគូសហការ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការបានយ៉ាងល្អជាមួយសហព័ន្ធ ដែលបានធ្វើឱ្យការខិតខំរបស់សហព័ន្ធវាយសីកម្ពុជាអាចអនុវត្តបាន។ សូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គាំទ្រដល់វិស័យកីឡា រួមទាំងកីឡាវាយសីផងដែរ។

​    ចំពោះមេដាយរបស់កីឡាករកីឡាការិនីវាយសីកម្ពុជា ដែលឈ្នះពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍នៅឡាវនេះ គឺមាន១៤គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១០គ្រឿង។ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីយុវជនជម្រើសជាតិវាយសីកម្ពុជាចំនួន៨នាក់ ក្នុងនោះកីឡាករ ៤នាក់ និងកីឡាការិនី៤នាក់ ក្រោមការដឹកនាំពីគ្រូបង្វឹក២នាក់។ ព្រឹត្តិការណ៍នេះមាន៥ប្រទេសចូលរួម រួមមាន៖ ម្ចាស់ផ្ទះឡាវ ទីម័រខាងកើត មីយ៉ាន់ម៉ា ប៊្រុយណេ និងកម្ពុជា ប្រកួតប្រជែងលើវិញ្ញាសាអាយុក្រោម១៥ឆ្នាំ និងក្រោម១៧ឆ្នាំ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៤៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖