ប្រទេសចិន ៖ កាលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ លោក Deng Li អនុរដ្ឋមន្រ្តីការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធ ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ នេះបើយោងតាមការផ្សាយពីគេហទំព័រ «CCFR China state-controlled media» បានផ្សាយនៅថ្ងៃនេះ ។
លោក Deng Li បានថ្លែងថា ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកនេះនឹងបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី៣០ខែឧសភា ។ កិច្ចប្រជុំលើកនេះនឹងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការអនុវត្តគំនិតឯកភាពរួមនៃថ្នាក់ដឹកនាំ ត្រួសត្រាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអារ៉ាប់ និងពន្លឿនកិច្ចកសាងសហគមន៍រួមវាសនារវាងចិននឹងអារ៉ាប់ ។ កិច្ចប្រជុំលើកនេះគ្រោងនឹងអនុម័តលើឯកសារជាផ្លែផ្កាជាច្រើន ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមរវាងចិននិងអារ៉ាប់ថែមមួយកម្រិតទៀត ក៏ដូចជាគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការនៅដំណាក់កាលក្រោយ ព្រមទាំងនឹងបញ្ចេញសំឡេងរួមរបស់ចិននិងអារ៉ាប់អំពីបញ្ហាប៉ាឡេស្ទីនទៀតផង។
នៅថ្ងៃទី៣០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននឹងរួមជាមួយប្រមុខរដ្ឋនៃប្រទេសអារ៉ាប់ចំនួន៤គឺបារ៉ែន អេហ្ស៊ីប ទុយណេស៊ីនិងអេមីរ៉ាតអារ៉ាប់រួមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនចូលរួមពិធីបើកកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវក្តីបំណងរួមរបស់ភាគីទាំងពីរចិននិងអារ៉ាប់ដែលសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននឹងអារ៉ាប់ឡើងដល់កម្រិតថ្មីទៀត៕
ដោយ ៖ សិលា