ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា  លោកស្រី ម៉ៅ ចំណាន ដែល​មាន​គោរមងារ​ជា​អ្នក​ឧកញ៉ា និង​ជា​ភរិយា​របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អណ​ត្តិ​ទី៦ ក្រោយពី​បានទទួល​សំឡេងគាំទ្រ៥២៧សំឡេង ឬ​ស្មើនឹង៩៣% នៃ​ចំនួន​អ្នក​បោះឆ្នោត​ជា​សមាជិក​ប្រមាណ​ជាង៦០០នាក់។

សមាគម​សិល្បករ​ខ្មែរបានរៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​អាណត្តិ​ទី៦នៅ​រាជបណ្ឌិត្យ​កម្ពុជា ដែលមាន​សមាជិក​ជា​សិល្បករ​គ្រប់​ទម្រង់​ប្រមាណ​ជាង៦០០នាក់​ចូលរួម​ការបោះឆ្នោត​នោះ។

លោក សំ ជំនាញ តំណាង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី បាន​ប្រាប់សារព័ត៌មានថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូនមាន​តម្លាភាព និង​យុត្តិធម៌ ដែល​អាច​ជ្រើសរើស​បាន​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​បន្ត​ដឹកនាំ​សមាគម​កាន់តែ​រីក​ចម្រើន និង​ដើម្បី​ការពារ​ប្រយោជន៍​សិល្បករ​ទូទៅ។

លោក​ថា បេក្ខជន​ឈរឈ្មោះ​ការបោះឆ្នោត​នេះ រួម​មាន​លោកស្រី ម៉ៅ ចំណាន លោក ផាត់ តារា​រ័ត្ន និង​លោក គួច ខេ​វិ​ន ហើយ​ជា​លទ្ធផល លោកស្រី ម៉ៅ ចំណាន បាន​ឈ្នះ​គូប្រជែង​ទាំង​ពីរ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុង​សំឡេង​គាំទ្រ​ពី​សិល្បករ​ចំនួន៥២៧នាក់​ឬ​ស្មើនឹង៩៣%។

លោក​បន្ថែមថា ចំណែក​លោក ផាត់ ដា​រ៉ា​រដ្ឋ បាន​ទទួល​សំឡេង​គាំទ្រ២៩នាក់​ឬ៥% ហើយ​លោក គួច ខេ​វិ​ន មាន​អ្នក​បោះ​គាំទ្រ១១នាក់​ឬ​ស្មើ២%ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា៖ «ផ្អែក​តាម​លទ្ធផល​នេះ សិល្បករ​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​លើ​លោកស្រី ម៉ៅ ចំណាន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សមាគម​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដ្បិតថា​លោកស្រី​ជា​បុគ្គល​ដែលមាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ»។

លោកស្រី ម៉ៅ ចំណាន ប្រធាន​ថ្មី​នៃ​សមាគម​សិល្បករ​ខ្មែរ​បាន​ប្ដេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការ​លើក​កម្ពស់​វិស័យ​វប្បធម៌​ជាតិ ជាពិសេស​ការ​ទ្រទ្រង់​ដល់​ជីវភាព​របស់​សិល្បករ​សិល្បការិនី​ដែល​ជួបប្រទះ​បញ្ហាផ្សេង។

លោកស្រី​បាន​និយាយថា៖ «ខ្ញុំ​ចូលរួមចំណែក​ការ​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ឆ្ពោះទៅ​រក​ភាព​កាន់​តែ​រីក​ចម្រើន​បន្ថែមទៀត​ទាំងពី​ជីវភាព​សិល្បករ និង​លើក​កម្ពស់​កិត្យានុភាព​នៃ​វិស័យ​សិល្បៈ​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​សំខាន់​ត្រូវ​ប្ដេជ្ញា​ធ្វើ»។

សូមរម្លឹកថា : លោក អៀង ស៊ី​ធុល បាន​កាន់​តំណែង​ជា​ប្រធាន​សមាគម​អាណត្តិ​ទី១ ហើយ​លោក ម៉ិ​ញ សុធី​វណ្ណ បាន​បន្ត​អាណត្តិ​ទី២។ បន្ទាប់មក​លោក សុះ ម៉ាច បាន​គ្រប់គ្រង​សមាគម​សិល្បករ​ខ្មែរ​ពីរ​អណ​ត្តិ​ជាប់​គ្នា គឺ​អាណត្តិ​ទី៣និង​ទី៤ ។

នៅក្នុង​អាណត្តិ​ទី៥ សមាគម​នេះ​បាន​ដឹកនាំ​ដោយ​លោកស្រី ច​ន ច័ន្ទ​លក្ខិណា ដែលមាន​រយៈពេល​វែង​ជាង​គេ​ដោយសារតែ​ឆ្លងកាត់​ដំណាក់កាល​វិបត្តិ​កូ​វីដ-១៩។

គេ​កត់​សម្គាល់​ឃើញថា លោកស្រី​បានធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ចាប់តាំងពី​ឆ្នាំ២០១៧ រហូតដល់​ពេលដែល​លោកស្រី​ប្រកាស​លាលែង​កាលពី​ខែកុម្ភៈ​កន្លងមក។

លោកស្រី ម៉ៅ ចំណាន ដែលមាន​គោរមងារ​ជា​អ្នក​ឧកញ៉ា និង​ជា​ភរិយា​របស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ត្រូវ​កាន់តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អណ​ត្តិ​ទី៦រហូតដល់​ឆ្នាំ២០២៩ ។

លោក ស៊ុំ ម៉ាប់ អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បករ ធ្លាប់​ប្រាប់សារព័ត៌មានថា តាម​លក្ខន្តិកៈ​របស់​សមា​គម​សិល្បករ​ខ្មែរ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​៥ឆ្នាំ​ត្រូវ​បោះឆ្នោត​ជ្រើស​រី​ស​ប្រធាន​ថ្មី​ដឹកនាំ​បន្ត។

លោក​បាន​មានប្រសាសន៍ថា៖ «សមាគម​សិល្បករ​ខ្មែរ​បាន​ជួយ​យើង​ច្រើន​ទម្រង់​សម្រាប់​ប្រទេសជាតិ។ កន្លង​មក​យើង​កត់សម្គាល់ឃើញ​តាម​ព្រឹត្តិការណ៍ធំៗតែងតែមាន​វត្តមានរ​បស់​ពួកគាត់​ចូលរួម​ជានិច្ច»។

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​បញ្ជាក់ថា ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បករ​មាន​ក្រុមប្រឹក្សាវិន័យ​និង​លើក​សរសើរ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សមាគម​សិល្បករ សមាគម​អ្នក​និពន្ធ និង​សមាគម​ពិធីករ​ពិធី​ការី​នី​ជាដើម។

សូមជម្រាបជូនថា , លោកស្រី ម៉ៅ ចំណាន ប្រធាន​ថ្មី​នៃ​សមាគម​សិល្បករ​ខ្មែរ​បាន​ចំណាយថវិកាផ្ទាល់ខ្លួន ជួយដល់សិល្បករ ដែលជួបបញ្ហាជីវភាព មានជំងឺផងដែរ ៕

ដោយ ៖ ស តារា 


ចែករំលែក៖