ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។

រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។  ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយ នាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖