ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់នៅស្រុកភ្នំស្រុក

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមមិត្តភក្តិ៥នាក់បានលង់ទឹកស្រះស្លាប់នៅចំណុចវាលស្រែខាងជើងភូមិស្វាយខ្មៅចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។ 

លោកវរសេនីយ៍ឯកប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថាៈក្មេងប្រុសរងគ្រោះឈ្មោះ ម៉ាប់ សាឡុក  អាយុ០៦ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក  ។

លោកអធិការបានបញ្ជាក់ថា ក្នុងចំណោមក្មេងទាំង៥នាក់នោះ គឺមានតែក្មេងរងគ្រោះទេដែលបានចុះងូតទឹកស្រះតែម្នាក់ឯង ចំណែកអ្នកផ្សេងទៀតមិនបានចុះនោះទេ ។ 

បើតាមការបំភ្លឺពីឈ្មោះ សួន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា៖ ពេលដែលគាត់កំពុងអង្គុយផឹកស៊ីនៅផ្ទះឃើញក្មេងរងគ្រោះនិងមិត្តភក្ដិនាំគ្នាមកងូតទឹកស្រះលេង បានមួយសន្ទុះឮថាមានក្មេងលង់ទឹកស្រះ ហើយខ្ញុំបាទជិះម៉ូតូមកដល់ចំណុចកើតហេតុចុះជួយស្រង់ជនរងគ្រោះពីទឹកស្រះស្រាប់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួច៕

ដោយ៖ វណ្ណា


ចែករំលែក៖