ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបង្រៀនសិស្ស វ៉ាក់អើនឹងរនាំងការដ្ឋានខាងមុខ ចាប់ហ្វ្រាំងដួលធ្លាក់កូនស្រីអាយុ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនស្លាប់ខ្ទេចក្បាល ចំណែកម្តាយរងរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ អ៊ែល អាប់ភីហ្គែលម៉ាលីស អាយុ៤ឆ្នាំ ចំណែកម្តាយ ឈ្មោះ សោម ម៉ារី អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន សាលាអង្គការ រងរបួសស្រាល មានប្តីជាអនិកជនខ្មែរ អារ៉ាប់ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងស្រីរងគ្រោះជាកូនទី២ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជិះម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1IH-3252 ឌុបកូនស្រី ឆ្ពោះទៅបង្រៀន នៅសាលាអង្គការ ដោយជិះម៉ូតូតាមបណ្តោយផ្លូវឈ្នះ ឈ្នះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មានរនាំងការដ្ឋានខាងមុខ ក៏ចាប់ហ្វ្រាំង ស្រាប់តែដួលធ្លាក់កូនស្រី ចូលកុងតឺន័រ ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1565 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0575 កំពុងបើកពីជើងទៅត្បូងស្របទិសគ្នា កិនស្លាប់ខ្ទេចក្បាល ហើយរថយន្តបន្តបើកទៅមុខបានចម្ងាយជាង១០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ទាំងអ្នកបើកបរ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ប្រគល់សពក្មេងរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ ម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ