ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖​ ក្មេងទំនើង៤៥នាក់ ត្រូវបានឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ ចាត់ការ​តាម​ច្បាប់​ ក្នុងរយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងរយៈពេល០៤ថ្ងៃ​មកនេះ​ កម្លាំងនគរបាលក្នុង​រាជធានី​ភ្នំពេញ​ បានធ្វើការបង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយ​ក៏បាន​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែង​បន្តថា​ ជាក់ស្ដែង​គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និង​ជាការឆ្លើយតបបទបញ្ជា​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ​ខែឆ្នាំដដែល សមត្ថកិច្ច​បានបង្ក្រាប​បានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និង​បានឃាត់ក្មេងទំនើង​ជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ​ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស ​មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ​ពីក្រុមក្មេងទំនើងខាងលើ ​ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើន​គ្រឿងផងដែរ ។

អ្នកនាំពាក្យរូបនេះ​ បានបន្ថែមទៀតថា​ ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សា​ដោយការ​កាប់ចាក់គ្នាទៅវិញទៅមក ​និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយ​ធ្វើដំណើរ​ដោយ​ខុសច្បាប់​គ្មាន​ការអនុញ្ញាត្តិ ។

សូមជម្រាបជូនថា​ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួន​ក្នុងការចុះពង្រាយ​កម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ​ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ​ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។

ជាមួយគ្នានោះ​ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញក្តីពេញចិត្ត និងសាទរ​បំផុតចំពោះចំណាត់​ការ​របស់​សមត្ថកិច្ច ​ក្នុងការបង្ក្រាបសកម្មភាព​ក្រុមក្មេងទំនើង ​ដែលតែងតែធ្វេីសកម្មភាព​វាយតប់​គ្នា​នៅតាមដងផ្លូវ​សាធារណៈ​បង្កជាក្តី​ព្រួយ​បារម្ភ និងភ័យខ្លាច​ដល់ពួកគាត់ ​ពិសេសគឺបង្កភាពអសន្តិសុខ​ ប៉ះពាល់ដល់សង្គម ។ ជាពិសេស​ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ​ដែលបាន​ចេញបទ​បញ្ជា​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះផងដែរ៕ដោយ​៖​អារុណ​រះ

រូបភាព​៖ឯកសារ​


ចែករំលែក៖