ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះអាមេរិកដឹកមនុស្សជាង១៥០នាក់បានឆេះម៉ាស៊ីនពេលហោះចេញ

ចែករំលែក៖

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរ បន្ទាប់ពីយន្តហោះរបស់ខ្លួនបានឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីហោះឡើង។
យោងតាមសារព័ត៌មាន Fox News កាលពីថ្ងៃទី 27 ឧសភា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានប្រកាសថា យន្តហោះ Airbus A320 របស់ក្រុមហ៊ុន United Airlines មានបញ្ហាពេលកំពុងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ O’Hare (ទីក្រុង Chicago រដ្ឋ Illinois)។
អ្នកនាំពាក្យរបស់អាកាសយានដ្ឋាន O’Hare បាននិយាយថា “ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង 2:00 រសៀល យន្តហោះបានជួបប្រទះស្ថានភាពអាសន្នពេលកំពុងហោះ។ ស្ថានភាពត្រូវបានដោះស្រាយដោយសុវត្ថិភាព ប៉ុន្តែអាកាសយានដ្ឋានត្រូវបិទជាបណ្តោះអាសន្នប្រហែល 45 នាទី”។
តំណាងក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសថា យន្តហោះត្រូវបានសណ្តោងដោយសុវត្ថិភាពទៅកាន់ច្រកទ្វារអាកាសយានដ្ឋាន ហើយមិនមានអ្នកដំណើរណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនោះទេ។ នៅពេលកើតហេតុ យន្តហោះ Airbus A320 បានដឹកអ្នកដំណើរ១៤៨នាក់និងសមាជិកនាវិក៥នាក់ ។ ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំជើងហោះហើរជំនួសសម្រាប់អ្នកដំណើរដែលរងផលប៉ះពាល់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamnet.vn


ចែករំលែក៖