ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ខេត្តសៀមរាប សម្រេចឃុំខ្លួន​លើ​ជនត្រូវចោទ​ចំនួន៣នាក់​ ក្នុងចំណោម​បក្ខពួក​ ៩នាក់​ ពី​បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប​៖​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួន​បណ្តោះអាសន្ន​​លើ​ជនត្រូវចោទ​ចំនួន៣នាក់ ឈ្មោះ ស៊ឹង ម៉េងលី ឈ្មោះ ភន់ ចិត្ត្រា និងឈ្មោះ សឿន ប៊ុនធី ពីបទល្មើស​​ខាងលើ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៤​ម្សិលមិញនេះ​! ។ 

ជាក់ស្ដែង​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន៩នាក់ មានខ្លួន៣នាក់ ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះ ភន់ ចិត្ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ និងគេចខ្លួន៦នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតកែច្នៃ) និងបទ​ធ្វើឱ្យខូចខាតដោយចេតនាមាន​ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​នេះ​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូងខេត្តសៀមរាប ក៏បានសម្រេចឃុំខ្លួន​បណ្តោះអាសន្ន​​លើ​ជនត្រូវចោទ​ ឈ្មោះ ភន់ ចិត្ត្រា ពីបទល្មើស​​ខាងលើ តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

ដោយយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់សាលាដំបូងខេត្តសៀមរាបមួយទៀត ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន៣នាក់ មានខ្លួន១នាក់ ឈ្មោះ ភន់ ចិត្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ និងគេចខ្លួន២នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ​ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៕

ដោយ៖ តារា


ចែករំលែក៖