សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤ បានដកស្រង់ការប្រកាសរបស់ការិយាល័យឧតុនិយមប៉ាគីស្ថាន ដែលបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សីតុណ្ហភាពលើសពី ៥២អង្សាសេកំពុងគ្របដណ្តប់លើខេត្ត Sindh ភាគខាងត្បូងប្រទេស ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងរដូវក្តៅ។
លោក Shahid Abbas មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប៉ាគីស្ថាន បានប្រាប់ Reuters ថា នៅក្នុងក្រុង Mohenjo Daro ខេត្ត Sindh ដែលគេស្គាល់ថាជាកន្លែងសម្បូរទីតាំងបុរាណស្ថាន បន្សល់ទុកតាំងពីសម័យឆ្នាំ២៥០០ មុនគ.ស. សីតុណ្ហភាពបានហក់់ឡើងរហូតដល់ ៥២អង្សាសេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ វាជាកម្រិតខ្ពស់បំផុតក្នុងរដូវក្តៅគិតមកទល់ពេលនេះ ហើយជិតដល់កំណត់ត្រារបស់ប្រទេស គឺកម្រិត៥៣អង្សាសេ។ រដ្ឋាភិបាល បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុនថា «ប៉ាគីស្ថានគឺជាប្រទេសដែលងាយរងគ្រោះបំផុតទី៥ ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាក់ស្តែងដូចជាភ្លៀងធ្លាក់ខ្លាំង ឬគ្រោះទឹកជំនន់ជាដើម»។
គួរបញ្ជាក់ថា កំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ប៉ាគីស្ថាន កាលពីឆ្នាំ២០១៧ មានកម្រិត៥៤អង្សាសេ នៅក្នុងទីក្រុង Turbat ភាគនិរតីខេត្ត Balochistan ដែលមានលក្ខណៈក្តៅជាងគេទី២ក្នុងតំបន់អាស៉ីនិងទី ៤ទូទាំងពិភពលោក៕ ដោយ៖ ធីរីណា
រូបថត៖ EPA-EFE