ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិ​ ឃុំ​ សង្កាត់​៖​ បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនក្រើន រំលឹកពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពាហនៈ អប់រំយុវជន យុវនារី កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានថ្លែង​ថា៖​ ប្រជាការពារភូមិ​ ឃុំ​ សង្កាត់​៖​ បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនក្រើន រំលឹកប្រជាពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពាហនៈ អប់រំយុវជន យុវនារី កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ​ ជាពិសេសប្រជាការពាំរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗរបស់ជាតិដូចជា៖​ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងព្រឹត្តិការណ៍ជាតិដ៏ទៃទៀត។

ការថ្លែងបែបនេះ​របស់​លោកប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ នាឱកាស​អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី គ្រូឧទ្ទេសនាម លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន៨៩នាក់។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គការដ្ឋាននគរបាលជាតិ នាយកដ្ឋាន បានរៀបចំចងក្រងជាសៀវភៅមេរៀន ដើម្បីបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោល ជាយន្តការបន្តទៅបើកវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាព ដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ និងជាការឆ្លើយតបទៅនឹងសេចក្តីណែនាំលេខ០៣៧ សណន. ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងចលនាប្រជាការពារដើម្បីចូលរួមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង មានប្រសាសន៍ទៀតថា ៖ កន្លងមកក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ វិធានការ និងសេចក្តីណែនាំនានាជាបន្តបន្ទាប់ ដើម្បីបំផុសមហាជនចូលរួមដោយស្ម័គ្រចិត្តក្នុងចលនាប្រជាការពារ និងពង្រឹងសមត្ថភាពកម្លាំងនេះឱ្យក្លាយជាកម្លាំងជំនួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានបន្តថា ៖ ការបើកវគ្គបណ្តុះបណ្តាលនៅពេលនេះ នឹងធ្វើឱ្យប្រជាការពារនៅតាមឃុំ សង្កាត់ មានការយល់ដឹងអំពីតួនាទីភារកិច្ច និងសិទ្ធរបស់ខ្លួន ដែលជាត្រីវិស័យបង្ហាញផ្លូវឱ្យពួកគាត់បំពេញការងារប្រកបដោយវិន័យ មានរបៀបរៀបរយ មានសីលធម៌ មានអាកប្បកិរិយាល្អ និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។ ឈរលើហេតុផលនេះ​ លោកប្រធាននាយកដ្ឋាន បានស្នើឲ្យថ្នាក់ដឹកនាំស្នងការរង នាយការិយាល័យជំនាញមកពីស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ដែលជាគ្រូបង្គោលក្នុងវគ្គនេះ ត្រូវយកចិត្តទុកដាក់លើការឧទ្ទេសនាមរបស់គ្រូជំនាញទាំង០២រូប ដែលនឹងបង្ហាត់បង្ហាញអំពីលំហាត់របៀប វិន័យកងជួរ របៀបរបបចងក្រងប្រជាការពារ តួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទៅបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលដល់កម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ ឱ្យទទួលបានចំណេះដឹង និងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនិងមានការជឿទុកចិត្តពីសហគមន៍ នៅមូលដ្ឋានរបស់ខ្លួន៕

ដោយ​៖ តារា​


ចែករំលែក៖