ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីម្ចាស់ចម្ការស្វាយចន្ទីបានឱ្យដឹងថា កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង១០និង៣០នាទីមានករណីចោរលួចគ្រាប់ស្វាយចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង។ បន្ទាប់មកកម្លាំងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិនបានទទួលការរាយការណ៍ពីពលរដ្ឋភ្លាមៗថា មានករណីលួចគ្រាប់ស្វាយចន្ទីក្នុងចម្ការជនរងគ្រោះនៅចំណុចជិតភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បានជនសង្ស័យនៅនឹងកន្លែងម្នាក់ឈ្មោះ ញ៉ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។
ប្រភពបានបន្តថា ក្រោយពេលកម្លាំងជំនាញទៅដល់កន្លែងកេីតហេតុបានស្រាវជ្រាវបន្តនីតីវិធីក៏ឃាត់ខ្លួនបានជនសង្ស័យជាបក្សពួកចំនួន០៣នាក់បន្ថែមទៀតមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ យឹម រ៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានផ្ទុកសារធាតុញៀន + ( អ្នកលួច )។
២-ឈ្មោះ អំ ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានផ្ទុកសារធាតុញៀន + ( អ្នកលួច ) ។
៣-ឈ្មោះ ភឿន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន + ( អ្នកយកគ្រាប់ស្វាយចន្ទីទៅលក់ ) ។
បើតាមការរៀបរាប់ពីម្ចាស់ចម្ការថា៖ នៅមុនកើតហេតុ វេលាម៉ោងប្រហែល១០និង៣០នាទី គាត់បានធ្វើដំណើរទៅមេីលចម្ការស្វាយចន្ទីរបស់គាត់នៅចំណុចកេីតហេតុខាងលេី ឃើញថាផ្លែស្វាយចន្ទីត្រូវបានគេលួចរេីសអស់។ ដោយមានការសង្ស័យ គាត់បានជិះម៉ូតូឆ្វែលជុំវិញចម្ការក៏ប្រទះឃើញការុងដាក់គ្រាប់ស្វាយចន្ទី១ការុង ទម្ងន់ប្រហែល៣០គ.ក្រហើយគាត់ដើរមើលជុំវិញចម្ការ ក៏ប្រទះឃើញជនសង្ស័យកំពុងលួចបេះគ្រាប់ស្វាយចន្ទីច្រកយ៉ែលស្ពាយទម្ងន់ប្រហែល១០គ.ក្រ.។ ឃើញដូច្នេះរូបគាត់ក៏បានឃាត់ជនសង្ស័យនិងរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ក្រោយកើតហេតុ រូបគាត់ទាំង០២នាក់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
ជនរងគ្រោះទី១ឈ្មោះ មុំ ធ្លក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ( បានបាត់គ្រាប់ស្វាយចន្ទីចាប់ពីខែ០៣ ឆ្នាំ០២៤ រហូតដល់ថ្ងៃកេីតហេតុបបាតប្រហែលចំនួន០៣តោន ។
ជនរងគ្រោះទី២ឈ្មោះ ជា ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ( បានបាត់គ្រាប់ស្វាយចន្ទី ចាប់ពីខែ០៣ ឆ្នាំ០២៤ រហូតដល់ថ្ងៃកេីតហេតុអស់ប្រហែលចំនួន០១តោន ។
ក្រោយសាកសួរ ជនសង្ស័យទាំង៤នាក់ខាងលេីបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចនិងយកគ្រាប់ស្វាយចន្ទីទៅលក់ពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖
១-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ប៉ៃលិន1D-4008។
២-គ្រាប់ស្វាយចន្ទីទម្ងន់ប្រហែល៣០គីឡូក្រាម ដែលតាមដាននៅសេសសល់។
ករណីនេះខាងលើលោកអធិការក្រុងបានសុំគោលការណ៍លោកស្នងការចុះអនុវត្តនិងឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ដេីម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត