ព័ត៌មានទាន់ហេតុការណ៍៖

សុភាពនារី ស្វែងយល់ អំពី ទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤000ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។

តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។

១) មូលហេតុរួមមាន៖

មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់មាន

– ម្តាយមានជំងឺទឹកនោមផ្អែមដែលការគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ

– ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយក្នុងកំឡុងពេលមានគភ៌

– កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)

២) ផលវិបាកដែលអាចកើតមាន៖

ក. កត្តាប្រឈមលើម្តាយ

– ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក

– អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលតាមការវះកាត់

ខ. កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាល

– ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ

– ទារកអាចជាប់ស្មា រងរបួសពុំអាចលើកដៃរួច ឬ បាក់ឆ្អឹង

– ទារកអាចប្រឈមនឹងការស្លាប់ក្នុងពោះ

គ. កត្តាប្រឈមលើទារកក្រោយកើត

– ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលអោយប្រកាច់ ឬ ប៉ះពាល់ដល់ខួរក្បាល

– ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)

– ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលអោយមានខាន់លឿងខ្លាំង និងរយៈពេលយូរ

– ទារកអាចមានសាច់ដុំបេះដូងរីក

“ប្រសិនបើមានរោគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសពាក់ព័ន្ធ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខមាលភាពទាំងម្តាយ និងទារក។”

៣) វិធីបង្ការ និងព្យាបាល៖

– ការតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ការវាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្រ្តអាចប៉ាន់ស្មានទុកជាមុននូវការសម្រាលត្រឹមត្រូវ បើទារកមានទម្ងន់ធ្ងន់ ឬលើសទម្ងន់។

– ការពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់។

– ការគ្រប់គ្រងរបបចំណីអាហារឲ្យបានត្រឹមត្រូវចំពោះស្រ្តី ជៀសវាងការឡើងទម្ងន់ខុសពីធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខុសពីប្រក្រតី អាចបង្កឲ្យមានផលប៉ះពាល់ដល់ពេលអនាគតទាំង ម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺធាត់។

– ទារកដែលមានទម្ងន់ធ្ងន់ ឬ លើសគីឡូ នឹងត្រូវបានវាយតំម្លៃ ពិនិត្យ តាមដាន និងព្យាបាល នៅផ្នែកទារកដោយគ្រូពេទ្យឯកទេសផ្នែកកុមារ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖