ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន លោកឯកអគ្គរដ្ឋទូត ចំពោះបេសកកម្មរយៈពេល ៦ឆ្នាំនៅកម្ពុជា និងថ្លែងអំណរគុណជារួមដល់ការចូលរួមគាំទ្ររបស់រដ្ឋាភិបាលចិនក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថ្លែងអំណរគុណ លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាអាទិ៍មានសមិទ្ធផលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់ស្ពានព្រែកតាមាក់ ស្ពានព្រែកក្ដាម និងគម្រោងផ្សេងៗជាច្រើនទៀតទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។ បន្ថែមពីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរ លោកឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី ព្រមទាំងសង្ឃឹមនឹងបានទទួលជួបឯកឧត្តមជាថ្មីម្តងទៀតនៅប្រទេសកម្ពុជា។
លើកឡើងក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការគាំទ្រលើកិច្ចសហការនានានាពេលកន្លងមក ដូចមានសមិទ្ធផលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ព្រមទាំងផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជាដើម។ ទោះបីជាអាណត្តិបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតត្រូវបានបញ្ចប់ លោកក៏បានលើកឡើងថានឹងបន្តគាំទ្រកម្ពុជា ហើយសង្ឃឹមនឹងបានត្រឡប់មកកម្ពុជាវិញនាឱកាសណាមួយនៅពេលខាងមុខ៕
ដោយ ៖ សិលា