ខេត្តតាកែវ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលធ្វេីសកម្មភាពកាន់កាប់ដាវ កាំបិត និងពូថៅ ព្រមទាំងរក្សាទុកនូវសារធាតុញៀន ។ នេះបេីយោងតាមមន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។
នៅក្នុងប្រតិបត្តិការណ៍នេះ ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានចេញល្បាតតាមដងផ្លូវសំខាន់ៗ លុះមកដល់ចំណុចរោងសង្កសីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់រួមមាន ៖ ទី១. ឈ្មោះ ហន សីហា ហៅ សូយ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។ ទី២. ឈ្មោះ ហុន ផានីត ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។ ទី៣. ឈ្មោះ ញ៉ិន មករា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។ និងទី៤. ឈ្មោះ សំ នួន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ (មុខសញ្ញាប្រើប្រាស់)។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការឆែកឆេ ក៏ឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ ម៉ូតូ ០១គ្រឿង ដាវ ០២ កាំបិត ០២ ពូថៅ ០១ និងថង់សម្រាប់ច្រកមួយចំនួន ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ខាងលើ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ