ប្រទេសចិន ៖ នៅរសៀលថ្ងៃនេះ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោកZhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយលោកស្រីPuan Maharaniប្រធានសភាឥណ្ឌូណេស៊ីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកZhao Lejiបានថ្លែងថា ៖ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកXi Jinpingប្រធានរដ្ឋចិននិងលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ី ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍជាលំដាប់និងឆាប់រហ័ស ហើយបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍រួមវាសនា។ ឆ្នាំក្រោយ ជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីចិនរីករាយរួមជាមួយប្រទេសឥណ្ឌូណេស៊ី អនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដែលជាគោលការណ៍មូលដ្ឋាន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ ជំរុញការកសាងសហគមន៍រួមវាសនាប្រកបដោយកម្រិតខ្ពស់ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកស្រីPuan Maharaniបានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ហើយយល់ឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងរវាងឥណ្ឌូណេស៊ីនិងចិន។ យើងសង្ឃឹមថា នឹងចាត់ទុកខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាឱកាសមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ ច្បាប់ និងមហាសមុទ្រជាដើមដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ ៖ សិលា