ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ សិក្ខាកាមដែលជាមន្រ្តី បុគ្គលិក និងពលករនៅតាមប្រាសាទ ក្នុងរមណីយដ្ឋានអង្គរសរុប ៦០នាក់ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជំនាន់ទី៣ ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់។
វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ នេះជាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដែលអាជ្ញាធរជាតិអប្សរាធ្វើឡើងក្នុងគោលដៅ ចែករំលែកចំណេះដឹងបន្ថែមជុំវិញការងារនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
សូមជម្រាបថា ការបណ្ដុះបណ្ដាលខាងលើនេះផ្តោតសំខាន់លើការងារមួយចំនួនដូចជា ស្វែងយល់ពីផែនទីហានិភ័យរបស់ប្រាសាទ ករណីហាមឃាត់ និងណែនាំភ្ញៀវថតរូបភាព ការរៀបចំសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទឹក ការគ្រប់គ្រងហានិភ័យដើមឈើ និងតួនាទីអ្នកគ្រប់គ្រងប្រាសាទ និងភារកិច្ចជាដើម។ល៕
ដោយ៖ សូរិយា