កូរ៉េខាងត្បូងបានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើងឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានរាយការណ៍ថា ប៉េងប៉ោងខ្យល់ក្តៅជាង 90 ដែលផ្ទុកសំរាម និងកាកសំណល់ត្រូវបានរកឃើញនៅក្នុងតំបន់កាលពីថ្ងៃពុធ។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានឃើញវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលគេជឿថាបានមកពីប្រទេសកូរ៉េខាងជើង នៅតំបន់ព្រំដែនជាមួយប្រទេសនេះ។ ពួកគាត់សុំឱ្យប្រជាពលរដ្ឋនៅឱ្យឆ្ងាយ ហើយរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។
ព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានផ្សាយថា ថ្មីៗនេះ ប៉េងប៉ោងខ្យល់ក្តៅមួយចំនួនបានចុះចតនៅលើដី ខណៈខ្លះទៀតនៅតែអណ្តែតនៅលើអាកាស ។
តាមរយៈរូបថតមួយចំនួនដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ប្រជាជនអាចមើលឃើញរូបភាពនៃប៉េងប៉ោងខ្យល់ក្តៅពណ៌សដែលចងជាប់នឹងថង់ប្លាស្ទិកអណ្តែតលើមេឃ ខណៈដែលប៉េងប៉ោងខ្យល់ក្តៅមួយទៀតត្រូវបានធ្លាក់ ហើយពោរពេញដោយសំរាមរាយប៉ាយជុំវិញ។
ជាមួយគ្នានេះអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kim Kang-il បានប្រកាសថា លោកនឹងណែនាំយោធាឱ្យប្រយុទ្ធប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព ហើយបានព្រមានថា លោកនឹងបញ្ជូនគំនរក្រដាសនិងសំរាមទៅឱ្យកូរ៉េខាងត្បូង ជាការឆ្លើយតបនឹងទីក្រុងសេអ៊ូល នូវអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា “កខ្វក់”អ្វីៗនៅក្នុងប្រទេសនេះ។
ជាច្រើនឆ្នាំមកនេះ សកម្មជនកូរ៉េខាងត្បូងបានបញ្ជូនប៉េងប៉ោងខ្យល់ក្តៅទៅកាន់ប្រទេសកូរ៉េខាងជើង ដែលផ្ទុកព័ត៌មានអំពីស្ថានភាពនៃសង្គមកូរ៉េខាងត្បូង ក៏ដូចជាអង្គចងចាំ USB ដែលមានវីដេអូចម្រៀង K-pop ។
កងទ័ពប្រទេសទាំងពីរប្រឈមមុខដាក់គ្នាឥតឈប់ឈរនៅតាមតំបន់ក្បែរព្រំដែន។ កូរ៉េខាងជើងបានដាក់ពង្រាយកាំជ្រួចឆ្ពោះទៅរកកូរ៉េខាងត្បូងព្រមទាំងបង្កការគំរាមកំហែងដល់ប្រទេសជិតខាងផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ kinhtedothi.vn)