ព័ត៌មានទាន់ហេតុការណ៍៖

Bellingham ជាប់ជាកីឡាករ Player of the Year រដូវកាល២០២៣-២០២៤ ប្រចាំ La Liga

ចែករំលែក៖

ខ្សែបម្រើរបស់ Real Madrid និងអង់គ្លេស Jude Bellingham ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ La Liga ក្នុងឆ្នាំដំបូងរបស់គាត់នៅប្រទេសអេស្ប៉ាញ។

Bellingham វ័យ២០ឆ្នាំបានស៊ុតបញ្ចូលទី១៩គ្រាប់ក្នុងលីកដើម្បីជួយ Real Madrid ឈ្នះជើងឯកដោយដាច់១០ពិន្ទុពីក្រុមលេខ២។ កីឡាករដែលកើតនៅ Stourbridge ក៏បានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមរបស់លោក Carlo Ancelotti បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលពួកគេនឹងត្រូវជួបជាមួយក្រុម Borussia Dortmund នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍។

Bellingham បានទម្លាក់មិត្តរួមក្រុម Vinicius Jr, Antoine Griezmann (Atletico Madrid), Artem Dovbyk (Girona) និង Robert Lewandowski (Barcelona) ក្នុងការបោះឆ្នោតជ្រើសរើសដោយអ្នកគាំទ្រ, ប្រធានក្លិប និងក្រុមអ្នកជំនាញ។ គាត់ក៏បានឈ្នះជើងឯក Bundesliga Player of the Season ២០២២-២០២៣ ដែលលេងឱ្យ Dortmund មុនពេលផ្លាស់ទៅ Real Madrid ក្នុងតម្លៃដំបូង១០៣លានអឺរ៉ូ។

Bellingham ដែលមិនអាចចូលរួមក្នុងពិធីកាលពីថ្ងៃអង្គារ ខណៈដែលគាត់កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ថា “ខ្ញុំចង់ឧទ្ទិសវាដល់មិត្តរួមក្រុម បុគ្គលិកគ្រូបង្វឹក ហើយសំខាន់បំផុតគឺដល់អ្នកគាំទ្រក្លឹបល្អបំផុតក្នុងលោក។ វាពិតជារីករាយរាល់ពេលដែលខ្ញុំលេងឱ្យក្រុមនេះ។ Hala Madrid!!”។

Bellingham មានជម្រើសជាតិអង់គ្លេសចំនួន២៩ដង និងស៊ុតបញ្ចូលទីបាន៣គ្រាប់សម្រាប់ប្រទេសរបស់គាត់។ គាត់ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Gareth Southgate នៅ Euro 2024 នៅប្រទេសអាឡឺម៉ង់ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា។ ការប្រកួតដំបូងរបស់អង់គ្លេសគឺទល់នឹងស៊ែប៊ីក្នុងទីក្រុង Gelsenkirchen នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖