ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងរោងចក្រតម្លៃ ៤ពាន់លានដុល្លាររបស់ក្រុមហ៊ុនឡានអគ្គិសនីវៀតណាមត្រូវពន្យារពេលបន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងពន្យារពេលបន្ថែមទៀតលើគម្រោងសាងសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនដែលកំពុងខាតលុយនេះពុំទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់អាមេរិកនៅឡើយ។

  VinFast បានប្រកាសនៅឆ្នាំ 2022 ថាខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអាគុយនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ 150,000 គ្រឿង ដើម្បីបានចំណេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ដែលបានអនុម័តការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនីដែលផលិតនៅអាមេរិក។

  ក្រុមហ៊ុនបានគ្រោងនឹងបញ្ចប់រោងចក្រនៅខែកក្កដា ឆ្នាំ 2024 ប៉ុន្តែក្រោយមកបង្ហើបថានឹងចាប់ផ្តើមប្រតិបត្តិការទៅឆ្នាំ 2025 វិញ។  ឥឡូវនេះប្រភពព័ត៌មានដែល Reuters ទទួលបានថាការសាងសង់នឹងត្រូវពន្យារពេលបន្ថែមទៀតដោយពុំដឹងពេលវេលាច្បាស់លាស់ឡើយ។

  ចំណែកភាគីខាងVinFast ដែលបានលក់រថយន្តតិចជាង 1,000 គ្រឿងនៅអាមេរិកខាងជើងកាលពីឆ្នាំមុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ខ្លួនកំពុងធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាពនៃដំណើរការសាងសង់រោងចក្រនៅរដ្ឋ Noth Carolina របស់ពួកគេ។

គួររំលឹកថា នៅពេលដែលក្រុមហ៊ុន VinFast បានប្រកាសនៅក្នុងខែមីនា ឆ្នាំ 2022 ពីផែនការរបស់ខ្លួនសង់រោងចក្រ North Carolina ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា រោងចក្រនេះនឹងបង្កើតការងារបានជាង 7,000 កន្លែង៕

ដោយ៖ ភារៈ


ចែករំលែក៖