ភ្នំពេញ ៖ បើតាម ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះបានបញ្ជាក់ឱ្យដឹងថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ» តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហា ។
សូមបញ្ជាក់ថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល កាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញលម្អិតហើយ ព្រែកជីកហ្វូណនតេជោ គឺមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះ អនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សារ និង៣០០០តោននៅរដូវប្រាំង។ ហេដ្ឋារចនាសម្ព័ន្ធនៃព្រែកជីកនេះគឺមានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ គ្រោងសាងសង់ប្រើប្រាស់ពេលវេលា០៤ឆ្នាំ ដើម្បីសាងសង់។
តាមរយៈការធ្វើបទបង្ហាញពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ក្រោយការសាងសង់រួច ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ជាប្រយោជន៍ ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១ លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាតឱ្យប្រជានេសាទ អាចនេសាទបាន។
ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង។
ជាក់ស្ដែង ទម្រាំដល់ថ្ងៃប្រកាសបើកការដ្ឋានសាងសង់ផ្លូវការនាពេលនេះ គម្រោងព្រែកជីកនេះ ទទួលរងនូវព្យុះភ្លៀងយ៉ាងច្រើនដងពីសំណាក់ប្រទេសវៀតណាម និងជនប្រឆាំងជ្រុលនិយម ជាពិសេសគឺជនក្បត់ជាតិ៣ជំនាន់។ ត្បិតរងការរិះគន់ពីវៀតណាម តែគម្រោងព្រែកជីកនេះ ត្រូវបានការពារដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោច្រើនលើសលប់ពិបាកនឹងគណនា សន្ធឹកនៃការគាំទ្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដែលពលរដ្ឋបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានបង្ហោះសារថា ៖ ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២មិថុនា២០២៤។
សម្តេចតេជោបញ្ជាក់ថា ៖ មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕
ដោយ ៖ សិលា