ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ទីក្រុងប៉េកាំងចង់សហការជាមួយបណ្តាប្រទេសអារ៉ាប់ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ដ៏ក្តៅគគុកក្នុងរបៀបមួយដែលអំណោយផលដល់ការរក្សាបាននូវភាពយុត្តិធម៌ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។
AFP បានរាយការណ៍ថា ថ្លែងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីវេទិកាកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ លើកទី១០ នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ទីក្រុងប៉េកាំងគាំទ្រដល់សន្និសីទដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះ។
“មជ្ឈិមបូព៌ាគឺជាទឹកដីដែលមានទស្សនវិស័យអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែសង្រ្គាមនៅតែផ្ទុះឡើងនៅទីនោះ។ សង្គ្រាមមិនគួរបន្តដោយគ្មានកំណត់ទេ។ យុត្តិធម៌មិនគួរអវត្តមានរហូតនោះទេ»។
មេដឹកនាំចិនក៏បានបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំង “គាំទ្រដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ និងគាំទ្រដល់សន្និសីទសន្តិភាពអន្តរជាតិដែលមានសមត្ថភាព និងប្រសិទ្ធភាពជាង”។
ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះវិបត្តិប៉ាឡេស្ទីន-អុីស្រាអែល ក៏ដូចជាបទឈប់បាញ់ជាបន្ទាន់ និងសមាជិកភាពប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ។
កន្លងមក ក្នុងជំនួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi កាលពីថ្ងៃទី ២៩ ឧសភា ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំងចំពោះស្ថានភាព “ធ្ងន់ធ្ងរបំផុត” នៅតំបន់ Gaza ដែលនាយកដ្ឋានសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣៦,១៧១នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល៕
ដោយ៖ ធីរីណា(រូបថត៖ AP)