ខេត្តស្ទឹងត្រែង ៖ មន្ត្រីយោធាការពារព្រំដែនចំនួនបីនាក់បានជិះទូកល្បាតតាមដងទន្លេសេកុង ក្នុងទន្លេក្រោមស្ពានកោះទន្សាយ ត្រូវបានលិចទូកបាត់ខ្លួនម្នាក់ ខណៈពីរនាក់ហែលឡើងគោករួចពីគ្រោះថ្នាក់។
សូមបញ្ជាក់ថា ៖ ហេតុការណ៍គ្រោះថ្នាក់លិចទូកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកោះទន្សាយ ស្ថិតក្នុងទន្លេសេកុង ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ មន្ត្រីយោធាទាំងបីនាក់ម្នាក់ដែលបាត់បង់ជីវិតមានឈ្មោះ នួន ម៉ានី ជាមន្ត្រីយោធានៅវរៈ២ រួមទាំងមន្ត្រីយោធាពីរនាក់ដែលរួចផុតជីវិត ជាមន្ត្រីវរៈការពារព្រំដែនលេខ ១០១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីយោធាបានបន្តឱ្យដឹងទៀតថា ៖ នៅមុនកើតហេតុមន្ត្រីយោធាទាំងបីនាក់បានល្បាតតាមដងទន្លេ ឃើញគេនេសាទត្រីបានច្រើនក្នុងមួយសំណាញ់ៗ ពួកគាត់ក៏បានឆ្លៀតពេលទំនេរបង់បានត្រីពី៥ទៅជិត១០គីឡូក្រាមសម្រាប់យកមកធ្វើម្ហូបបរិភោគរួមគ្នា ប៉ុន្តែពេលដែលមន្ត្រីយោធាទាំងបីនាក់ទៅជិតដល់ចំណុចកើតហេតុជិតស្ពានកោះទន្សាយស្រាប់តែទឹកហូរខ្លាំងបានកួចទូកបណ្ដាលឱ្យលិចភ្លាមតែម្ដង។
ប្រភពព័ត៌ដដែលបន្តថា ចំណុចកើតហេតុខាងលើ ភាគច្រើនជាគ្រួសារកងទ័ពដែលនៅប្រចាំការនៅទីនោះ ហើយជាទម្លាប់ទាហានចេញល្បាតតាមទូកជាប្រចាំជាប់ៗព្រំដែន ។
ករណីខ្លះក្រោយមានភ្លៀងធ្លាក់ត្រីឡើងច្រើន គ្រួសារកងទ័ពតែងតែនាំគ្នាទៅរកត្រីនៅចំណុចកើតហេតុខាងលើ។ ដោយឡែកមន្ត្រីយោធាទាំងបីនាក់ចប់ការងារក៏បង់ត្រី ចៃដន្យកម្លាំងទឹកហូរខ្លាំងក៏កួចបណ្តាលឱ្យលិចទូក ហើយជាអកុសលយោធាម្នាក់បានបាត់បង់ជីវិត។
ក្រោយកើតហេតុកម្លាំងយោធាវរៈ១០១ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយនិងវរៈការពារព្រំដែនដទៃទៀតបានដាក់កម្លាំងនាំគ្នាចុះរកមន្ត្រីយោធាដែលបាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី ៣០ ខែឧសភានេះនៅពុំទាន់រកឃើញនៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានឱ្យដឹងថា ៖ ពិតជាមានករណីលិចទូកមែន ខណៈពួកគាត់ចុះល្បាត ជិះទូកមួយមានគ្នា៣នាក់ ។ លោកបន្តថា ៖ ប្រហែលជា៥០ម៉ែត្រពីក្រោមស្ពានកោះទន្សាយ មានត្រីឡើងច្រើន ចប់ពីការងារ ពួកគាត់ក៏បានបង់សំណាញ់ ដោយម្នាក់នៅក្បាលទូក ម្នាក់នៅកណ្តាលទូក និងអ្នកបើកទូកស្លៀកខោខូវប៊យ ក៏មានករណីទឹកហូរខ្លាំង និងកួច បណ្តាលឱ្យលិចទូក ។ ដូច្នេះពីរនាក់បានព្យាយាមហែលរួចផុតពីគ្រោះថ្នាក់ ចំណែកអ្នកបើកទូក ដោយសារគាត់ស្លៀកខោខូវប៊យ តឹងពេកពិបាកហែល ក៏បណ្តាលឱ្យកួចតាមទឹក ដែលមកដល់ម៉ោងនេះ ក្រុមអន្តរាគមន៍រកមិនទាន់ឃើញនៅឡើយ ៕
ដោយ ៖ សិលា